FN ៖ នៅគ្រាដែលរដូវប្រមូលផលស្រូវ រដូវវស្សាជិតឈានចូលមកដល់នោះ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ លោក កៅ ថាច អគ្គនាយកធនាគាអភិវឌ្ឍន៍ជនបទ បានបើកកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយកញ្ចប់ឥណទានពិសេស របស់រាជរដ្ឋាភិបាលចំនួន៥០ លានដុល្លារ សម្រាប់ការជំរុញទិញស្រូវពីកសិករ សំដៅធ្វើឱ្យតម្លៃស្រូវក្នុងប្រទេសមានស្ថេរភាព និងជំរុញការនាំចេញទៅក្រៅប្រទេស។
កិច្ចប្រជុំដ៏មានសារសំខាន់នោះ មានការចូលរួមពីលោក ឡុង ថាក អភិបាលរងខេត្ត និងអស់លោកជាអភិបាលស្រុក មានស្រុកស្វាយអន្ទរ ក្រុងព្រៃវែង ស្រុកព្រះស្តេច ស្រុកកញ្ជ្រៀច ស្រុកពោធិរៀង ស្រុកកំពង់ត្របែក ស្រុកបាភ្នំ ស្រុកពារាំង និងស៊ីធរកណ្តាល និងមានការ ចូលរួមពីប្រធានមន្ទីពាណិជ្ជកម្ម មន្ទីអភិវឌ្ឍន៍ជនបទ មន្ទីហិរញ្ញវត្ថុ និងសេដ្ឋកិច្ច សភាពាណិជ្ជកម្ម និងភាគីរោងម៉ាស៊ីនផងដែរ។
ក្នុងជំនួបនៃកិច្ចប្រជុំនេះ ទន្ទឹមពេលឱកាសប្រមូលផលជិតមកដល់ របស់បងប្អូនប្រជាកសិករ លោក កៅ ថាច បានស្នើសុំឲ្យអាជ្ញាធរ មូលដ្ឋានពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមយ៉ាសកម្ម ក្នុងការសម្របសម្រួលការទិញ លក់កសិផលរបស់កសិករនិងការដឹកជញ្ជូនកសិផល ទៅទីផ្សារ ដើម្បីធ្វើយ៉ាងណាជួយកាត់បន្ថយការលំបាក របស់បងប្អូនប្រជាកសិករយើង។ ម្យ៉ាងទៀត កន្លងមកការអនុវត្តគម្រោងឥណទាន ពិសេសនេះក្នុងឆ្នាំ២០១៦ មិនមានលក្ខណៈទូលំទូលាយ ដោយសារការអនុវត្តមានភាពបន្ទាន់។
តាមរយៈនៃកិច្ចប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធខាងលើនេះ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ មានជំនឿជាក់យ៉ាង មុតមាំថា ការប្រើប្រាស់ឥណទានពិសេស របស់រាជរដ្ឋាភិបាលក្នុងឆ្នាំ២០១៧ និងមានភាពល្អប្រសើរដោយសារ មានការសហការ ទូលំទូលាយពីអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាការបានត្រៀមខ្លួន របស់ម្ចាស់រោងម៉ាស៊ីន ក្នុងការទទួលយកឥណទានពិសេសនេះ។
សូមជម្រាបថា ខណៈរដូវប្រមូលផលស្រូវឈានចូលមកដល់នោះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្ថែមនូវទឹកប្រាក់៣៨លានដុល្លារ សម្រាប់គាំទ្រដល់វិស័យស្រូវអង្កររបស់កម្ពុជា។
ទឹកប្រាក់ដែលរាជរដ្ឋាភិបាល បន្ថែមចំនួន៣៨លានដុល្លារថ្មីនេះ បែងចែកជាពីរផ្នែកគឺ ២៣លានដុល្លារបន្ថែម ពីលើថវិកា២៧លានដុល្លារ ឲ្យកើនដល់៥០លានដុល្លារ ដើម្បីជួយការពារ កុំឲ្យធ្លាក់ចុះនៃតម្លៃស្រូវ សម្រាប់ផ្តល់កម្ចីជូនដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវប្រមូលទិញស្រូវ របស់កសិករ នៅរដូវប្រមូលផលនេះ។ ដោយឡែក១៥លានដុល្លារទៀត នឹងត្រូវធ្វើការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ ដូចជាឃ្លាំង និងឡរសម្ងួត នៅ៣តំបន់ រួមមាន ខេត្តកំពង់ធំ ខេត្តព្រៃវែង និងខេត្តតាកែវ៕