លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី៖ «ក្នុងការអនុវត្តការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ យើងនៅខ្វះថវិកា ប្រមាណ៤លានដុល្លារ ក្នុង១ឆ្នាំៗ»
FN ៖ លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងនឹងជំងឺអេដស៍ បានថ្លែងឲ្យដឹងថា ក្នុងការអនុវត្តការងារប្រយុទ្ធ ប្រឆាំងនឹងការរីករាលដាល និងការឆ្លងជំងឺអេដស៍ អាជ្ញាធរជាតិប្រឆាំងនឹងជំងឺអេដស៍ នៅខ្វះខាតថវិកាប្រមាណ៤លានដុល្លារទៀត ក្នុងមួយឆ្នាំៗ ក្នុងរយៈកាលពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ បើទោះបីជាទទួលបានថវិកាបដិភាគ ពីរាជរដ្ឋាភិបាលកម្ពុជាប្រមាណ ៤លាន៥សែនដុល្លារ សម្រាប់រួមចំណែកទិញឱសថ ប្រឆាំងនឹងមេរោគអេដស៍ក្ដី។ ការថ្លែងបែបនេះ របស់ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ គឺក្នុងឱកាសដែលលោកបានចូលរួម ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ របស់សហគមន៍ និងសង្គមស៊ីវិល លើសេចក្ដីព្រាងគម្រោង ស្នើសុំថវិកាមូលនិធិសកល សម្រាប់ឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ដែលបានធ្វើឡើង នាល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ នៅឯសណ្ឋាគារ ហ៊ីម៉ាវើរី ដោយមានការចូលរួម ពីតំណាងអង្គការជាដៃគូ និងតំណាងមកពីសហគមន៍ នានាជាច្រើន។ លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី បានថ្លែងឲ្យដឹងទៀតថា ជោគជ័យដែលកម្ពុជាទទួលបាន ទាំងការប្រយុទ្ធនឹងជំងឺអេដស៍ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បានធ្វើឲ្យដំណាក់កាលចុងក្រោយ នៃការលុបបំបាត់ការឆ្លងមេរោគអេដស៍ កំពុងស្ថិតក្នុងស្ថានភាពអន្តរកាល។ ជំនួយពីដៃគូអភិវឌ្ឍបានបន្តធ្លាក់ចុះ ក្នុងពេលដែលរដ្ឋាភិបាល កំពុងពង្រឹងភាពជាម្ចាស់…