FN ៖ លោក GREGORY THOMAS HARRIS តំណាងក្រុមហ៊ុន BlueScope ដ៏ល្បីរបស់អូស្រ្ដាលី បានបង្ហាញពីមោទនៈភាពក្រៃលែង ចំពោះភាពរីកចម្រើនលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ។ លើសពីនេះ លោកក៏បានកោតសរសើរពីសមត្ថភាពរបស់កូនខ្មែរ ដែលអាចបើកក្រុមហ៊ុនផលិតផលិតផលផ្សេងៗ ដើម្បីផ្គត់ផ្គង់លើទីផ្សារប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ ជាក់ស្ដែងដូចជាក្រុមហ៊ុន ISI STEEL ជាដើម ដែលអាចផលិតផលិតផលដែកដ៏មានគុណភាព សម្រាប់អតិថិជនរបស់ខ្លួនប្រើប្រាស់នាពេលបច្ចុប្បន្ន ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការសម្ពោធផលិតផលថ្មីមួយរបស់ក្រុមហ៊ុនកែច្នៃដែក ISI STEEL នៅសណ្ឋាគារសុខា នាល្ងាចថ្ងៃទី២៣ ខែមិថុនានេះ គឺផលិតផលស័ង្កសីពណ៌ ISI PALM ។ លោកថា ទោះពីក្រុមហ៊ុននេះ មានថ្នាក់ដឹកនាំ និងបុគ្គលិកសុទ្ធតែជាប្រជាពលរដ្ឋខ្មែរ ប៉ុន្ដែសមិទ្ធិផលចេញមក គឺមិនចាញ់ផលិតផលបរទេសឡើយ ហើយមានការទទួលស្គាល់ត្រឹមត្រូវពីអន្ដរជាតិថែមទៀត ។ ដូច្នេះហើយ ទើបលោកសម្រេចសហការ ដើម្បីជំរុញអភិវឌ្ឍន៍បន្ថែម តាមរយៈការផ្គត់ផ្គង់វត្ថុធាតុដើមពីប្រទេសរបស់ខ្លួន ។
ជាមួយគ្នានោះលោក កាំង ឡេង អគ្គនាយកក្រុមហ៊ុន ISI Group បានលើកឡើងថា ក្រុមហ៊ុនរបស់ខ្លួនបានចាប់កំនើតក្នុងឆ្នាំ១៩៩៧ ជាលក្ខណៈគ្រួសារ ប៉ុន្ដែឈរលើគោលការណ៍សំខាន់ៗមួយចំនួន ទើបជំរុញឲ្យក្រុមហ៊ុនដឹកនាំដោយកូនខ្មែរមួយនេះ មានការរីកចម្រើន និងពង្រីកទីផ្សារកាន់តែធំ ។ លោកថា «ទាំងអស់នេះ គឺស្ដែងចេញពីការប្ដេជ្ញាចិត្ត ប្រកាន់យកគុណតម្លៃជាស្នូរទាំងបី រួមមានភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតឆ្នៃប្រឌិត ។ ពិសេសគឺគុណភាព ដែលគន្លឹះនាំឲ្យក្រុមហ៊ុនទទួលបានការគាំទ្រពីអតិថិជន» ។
ចំពោះការសម្ពោធផលិតផលថ្មី ស័ង្កសីពណ៌ ISI PALM លោក កាំង ឡេង ក៏រំពឹងថា នឹងទទួលបានការគាំទ្រដូចផលិតផ្សេងៗ ដែលក្រុមហ៊ុនបានផលិតនាពេលកន្លងមកផងដែរ ដូចជាផលិតដែកទីបគ្រប់ប្រភេទជាដើម ៕