CDC ប្រឹងប្រែងទាក់ទាញវិនិយោគជប៉ុន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឲ្យកាន់តែច្រើន ខណៈត្រឹមឆ្នាំ២០១៧ ទុនវិនិយោគជប៉ុននៅកម្ពុជាកើនដល់១.៦ប៊ីលានដុល្លារ
FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការទាក់ទាញវិនិយោគិនជប៉ុន ឲ្យមកវិនិយោគនៅកម្ពុជា ឲ្យកាន់តែច្រើនឡើងថែមទៀត ខណៈគិតត្រឹមឆ្នាំ២០១៧ ជប៉ុនមានវិនិយោគនៅកម្ពុជា ១៣០គ្រោងមានទុនវិនិយោគ ១.៦ប៊ីលានដុល្លារអាមេរិក។ ជាក់ស្តែងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសណ្ឋាគារ Imperial Hotel នៅទីក្រុងតូក្យូ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសហការជាមួយនឹងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងស្ថានទូតនៃកម្ពុជា ប្រចាំទីក្រុងតូក្យូ បានរៀបចំសិក្ខាសាលា ស្តីពីការវិនិយោគនៅកម្ពុជា ក្នុងគោលបំណងទាក់ទាញការវិនិយោគ ពីសំណាក់វិនិយោគិនជប៉ុន មកកម្ពុជាបន្ថែមទៀត។ សិក្ខាសាលានេះ មានការចូលរួមពីសំណាក់វិនិយោគិន ជប៉ុនដែលមានបំណង់ចង់វិនិយោគនៅកម្ពុជាចំនួនប្រមាណ២៨០នាក់។ គួរបញ្ជាក់ថាជារៀងរាល់ឆ្នាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតែងតែរៀបចំសិក្ខាសាលា ស្តីពីការវិនិយោគនៅទីក្រុងនានានៃប្រទេសជប៉ុន ដោយឆ្នាំនេះមានការរៀបចំសិក្ខាសាលានេះ នៅទីក្រុងតូក្យូ និងទីក្រុងសេនដាយ (Sendai)។ គិតមកត្រឹមឆ្នាំ២០១៧ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុន ចំនួន ១៣០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១,៦ប៊ីលានដុល្លារអាមេរិក ក្នុងវិស័យមួយចំនួន រួមមាន ធនាគារ ឧស្សាហកម្ម កសិ-ឧស្សាហកម្ម សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ជាដើម។…