មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែងបង្កើតច្បាប់ការពារការពពោះជំនួស ដើម្បីផលប្រយោជន៍ពលរដ្ឋគ្រប់រូប
FN ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានឲ្យដឹងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែងចងក្រងច្បាប់ ស្ដីពីការពារការពពោះជំនួស ដើម្បីរក្សាផលប្រយោជន៍ពលរដ្ឋ និងការពារទារក ព្រមទាំងស្ដ្រីជាម្ដាយក្នុងករណីនេះ។ ការថ្លែងយ៉ាងដូច្នេះរបស់លោកស្រី ជូ ប៊ុនអេង ត្រូវបានធ្វើឡើងក្រោយបញ្ចប់ ការប្រជុំផ្សព្វផ្សាយពី គោលការណ៍ណែនាំ ស្ដីពីបែបបទ និងនីតិវិធីសម្រាក់ការស្នើសុំទារកករណីពពោះជំនួស ដើម្បីយកទៅចិញ្ចឹមនៅក្រៅប្រទេស នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំទីស្ដីការគណៈរដ្ឋមន្ដ្រី ថ្នាកដឹកនាំនគរបាលជាតិ តំណាងស្ថានទូតចំនួន១៩នៅកម្ពុជា និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ លោកស្រីថ្លែងយ៉ាងដូច្នេះថា «យើងកំពុងតែព្យាយាមធ្វើច្បាប់ ដើម្បីឲ្យការងារពពោះជំនួសនេះ កម្រិតនៅក្នុងលក្ខខណ្ឌមួយថា ប៉ុណ្ណាទៅដែលហៅថាមនុស្សធម៌ ប៉ុណ្ណាជាបទល្មើស ពីព្រោះជីវិតរបស់ទារក ក៏ជាជីវិតរបស់មនុស្សដែរ»។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ បានឲ្យដឹងថា កន្លងមករាជរដ្ឋាភិបាលបានចេញគោលការណែនាំមួយ ដើម្បីអនុញ្ញាតិឲ្យនាំទារកទៅចិញ្ចឹមនៅក្រៅប្រទេស…