FN ៖ ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសមាគមអតីតយុទ្ធជនបណ្តាខេត្តទាំង៥ នៃយោធភូមិភាគ២ ដែលប្រារព្វធ្វើនៅសាលាខេត្តកំពង់ចាម នាយឧត្តមសេនីយ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានសម្តែងដោយមោទនភាពថា សមាគម ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រយៈពេលជាង ១០ឆ្នាំកន្លងទៅ ពិសេសការខិតខំពីរឆ្នាំចុងក្រោយ បានធ្វើឲ្យស្ថានភាពរស់នៅ និងជីវភាពរបស់អតីតយុទ្ធជនបានល្អប្រសើរចៀសផុតពីទុក្ខលំបាក។
នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងបញ្ជាក់ថា ការកែសម្រួលសមាសភាពដឹកនាំចម្រុះរួមមាន នគរបាល យោធា អាវុធហត្ថ សង្គមកិច្ច និងថ្មីៗនេះ បានបន្ថែមអង្គភាពសុរិយោដី១ទៀត ធ្វើឲ្យចលករសមាគមកាន់តែពង្រីកកម្លាំងបានគ្រប់គ្រាន់ ក្នុងការបង្ខិតសកម្មភាពឲ្យកាន់តែកៀកកិត ជាមួយសមាជិកសមាគមអតីតយុទ្ធជននៅមូលដ្ឋាន។
បើតាមនាយឧត្តមសេនីយ៍ គន់ គីម ចំណុចគួរចាប់អារម្មណ៍ គឺការបើកផ្តល់ប្រាក់មរណសង្រ្គោះ បានទាន់ពេលភ្លាមៗ ចំពេលបុណ្យសព ហើយប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព ឬ ប្រាក់ឧបត្ថម្ភ ១លើកដំបូង ក៏បានសហការ បើកជូនដល់ដៃគ្រួសារសព ទប់ស្កាត់បាន នូវបាតុភាពអសកម្ម ដែលធ្លាប់កើតមានកន្លងមក។ ជាមួយនោះ ការចុះជួបសាកសួរសុខទុក្ខ អតីតយុទ្ធជន និងគ្រួសារ តាមគ្រប់រូបភាព បានពង្រឹងនូវភាពកក់ក្តៅ បង្កជំនឿទុកចិត្ត របស់បងប្អូនលើសមាគម និងការដឹកនាំរបស់សម្តេចតេជោប្រធាន។
នាយឧត្តមសេនីយ៍ គន់ គីម បានបន្តថា ការងារចំពោះមុខសមាគម កំពុងពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត និងគណៈកម្មាធិការប្រើប្រាស់និងបែងចែកដី ខេត្ត ដើម្បីថែរក្សា និងគ្រប់គ្រងដីបំរុងទុកសម្រាប់គោលដៅសម្បទានសង្គមកិច្ចរបស់រដ្ឋលើទីតាំងទាំង១៦ នៃខេត្តគោលដៅ១៣ សម្រាប់រៀបចំជាតំបន់អភិវឌ្ឍន៍អតីតយុទ្ធជនតែម្តង។
តាមរយៈនៃការធ្វើបច្ចុប្បន្នភាពកន្លងមកនៅទិសយោធភូមិភាគ២នេះ បានរកឃើញអតីតយុទ្ធជនទ័លក្រលំបាកសរុបចំនួន ១,៤៥២ គ្រួសារ។ ដោយមើលឃើញពីការលំបាកនេះ តាមរយៈសំណើរបស់នាយឧត្តមសេនីយ៍ គន់ គីម សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយសាងសង់ផ្ទះជូនសមាជិក សមាគម ដែលខ្វះខាតពិតប្រាកដលើដីជាកម្មសិទ្ធិស្រាប់ក្នុងយោធភូមិភាគ២ នេះ សរុប ៣១ខ្នង ( កំពង់ចាម ១៩ខ្នង, ព្រៃវែង ១១ខ្នង និងស្វាយរៀង ១ខ្នង។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍អគ្គលេខាធិការ គន់ គីម បានប្រកាសសេចក្តីសម្រេចទទួលស្គាល់លោក គួច ចំរើន អភិបាលខេត្ត កំពង់ចាម ជាសមាជិកគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត និងបានប្រកាសផងដែរ នូវប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ព្រៃវែង និង ស្វាយរៀង ទទួលស្គាល់ជាអនុប្រធាន គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត៕