អ្នកនាំពាក្យ ប.ស.ស៖ កម្មករ និយោជិត ដែលធ្វើការងារក្នុងវិស័យឯកជននៅកម្ពុជា រយៈពេល២៥ឆ្នាំ នឹងទទួលបាន «ប្រាក់ចូលនិវត្តន៍» ដូចមន្រ្តីរាជការដែរ
FN ៖ លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពន្យល់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះថា ប្រាក់សោធននិវត្តន៍របស់វិស័យឯកជន (ប្រាក់រ៉ឺត្រែត) ដែលកម្ពុជាគ្រោងនឹងដាក់ឱ្យអនុវត្ត នៅឆ្នាំ២០១៩ ខាងមុខនេះ នឹងចាប់ផ្តើមផ្តល់ជូនដល់កម្មករ និយោជិត ដែលមានអតីតភាពការងាររយៈពេល២៥ឆ្នាំ បើទោះជាពួកគាត់មិនទាន់ដល់វ័យចូលនិវត្តន៍ក៏ដោយ។ ការបញ្ជាក់របស់អ្នកនាំពាក្យប.ស.ស បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយ៉ាងច្បាស់ថា កម្មករ និយោជិតទាំងអស់នៅក្នុងប្រទេសកម្ពុជា នឹងទទួលបានប្រាក់សោធននិវត្តន៍ ដូចមន្រ្តីរាជការទូទៅដែរ ចាប់ពីឆ្នាំ២០១៩តទៅ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា៖ «ចាប់ពីឆ្នាំ២០១៩ ទៅ ក្មួយៗកម្មករនឹងទទួលបបានប្រាក់ចូលនិវត្តន៍ (ប្រាក់រឺត្រែត) ដូចគ្នានឹងមន្រ្តីរាជការ គឺមិនចាំបាច់ធ្វើការមានក្របខ័ណ្ឌដូចមន្រ្តីរាជការទេ។ សូមក្មួយៗយកចិត្តទុកដាក់ធ្វើការអោយបានល្អ»។ អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម បានលើកឧទាហរណ៍ពន្យល់ថា ជាគោលការណ៍ការចូលនិវត្តន៍ត្រូវមានវ័យ៦០ឆ្នាំ ប៉ុន្តែក្នុងករណីដែលកម្មករ និយោជិត គាត់ចាប់ផ្តើមធ្វើការងារ នៅអាយុ២០ឆ្នាំ ហើយគាត់ធ្វើការងារនេះរហូតរយៈពេល២៥ឆ្នាំនោះ…