សំណេរលើហ្វេសប៊ុក ផេក សម្ដេចតេជោ ហ៊ុន សែន ​ប្រធានព្រឹទ្ធសភា

ថ្ងៃ៧មិថុនា២០២៤នេះ មានកាសែតបរទេសមួយចុះផ្សាយអំពីប្រទេសអាស៊ីអាគ្នេយ៍ចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន នៅស្វីសនាពេលខាងមុខ។ គេខិតខំទម្លាក់កំហុសឲ្យចិន ប្រសិនកម្ពុជាមិនបានចូលរួម។ កាលពីសប្តាហ៍មុន ក្នុងជំនួបតាមវីដេអូជាមួយប្រធានសភាអ៊ុយក្រែន ទន្ទឹមនឹងការជម្រាបជូនគាត់ថា កម្ពុជាកំពុងពិចារណាលើផែនការសន្តិភាព និងការចូលរួម ឬមិនចូលរួម ខ្ញុំក៏បានជម្រាបគាត់ថា សន្និសីទមិនទទួលបានជោគជ័យទេ ប្រសិនបើភាគីពាក់ព័ន្ធពិសេសរុស្ស៊ី មិនត្រូវបានអញ្ជើញឲ្យចូលរួម។ ខ្ញុំបានប្រាប់គាត់បន្ថែមថា មុនសន្និសីទពេលសន្និសីទ និងក្រោយសន្និសីទ រុស្ស៊ីនឹងវាយខ្លាំងលើសមរភូមិយោធា។ ខ្ញុំក៏និយាយបែបនេះទៅកាន់អគ្គនាយក CIA នៅថ្ងៃ ០២ មិថុនា និងរដ្ឋមន្ត្រីការពារជាតិអាមេរិកថ្ងៃ ០៤ មិថុនា ពេលពួកគាត់មកជួបជាមួយខ្ញុំ។ តើសម្ដីបែបនេះ ចិនណែនាំឲ្យខ្ញុំនិយាយឬកម្ពុជាមានសិទ្ធិនិយាយ? កម្ពុជាជារដ្ឋឯករាជ្យ ហើយខ្ញុំបានធ្វើការជាមួយមេដឹកនាំចិនច្រើនឆ្នាំ និងច្រើនជំនាន់ខ្ញុំមិនធ្លាប់លឺ មេដឹកនាំចិនណាម្នាក់ និយាយមកកាន់ខ្ញុំឲ្យធ្វើនេះ ឬធ្វើនោះតាមបំណងរបស់ចិនឡើយ។ ផ្ទុយទៅវិញពួកអ្នកដែលនិយាយថា កម្ពុជាធ្វើតាមចិនទៅវិញទេ ដែលតែងតែមកដាក់ការគាបសង្កត់ឲ្យកម្ពុជាធ្វើតាមខ្លួនរហូតប៉ះទង្គិចសម្ដីជាមួយខ្ញុំជាញឹកញាប់។ ការសម្រេចចិត្តមិនចូលរួមសន្និសីទរបស់កម្ពុជា វាជាសិទ្ធិរបស់កម្ពុជា ដោយកម្ពុជាមើលឃើញថា វាមិនមានជោគជ័យ។ ឯប្រទេសផ្សេងទៀតចូលរួមឬមិនចូលរួម វាជាសិទ្ធិរបស់ប្រទេសទាំងនោះ។ សូមកុំព្យាយាមទម្លាក់កំហុសឲ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទ និងសូមបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៅ៕

សំណេរលើហ្វេសប៊ុក ផេក សម្ដេចតេជោ ហ៊ុន សែន ​ប្រធានព្រឹទ្ធសភា

ខ្ញុំសូមបង្ហោះនូវអធិប្បាយរបស់លោក សយ សុភាព រឿងលោក អាត់ ធន់ ចាញ់ការបោះឆ្នោតជាមេសហជីពបន្ទាប់ទៅក៏មានពាក្យការគំរាមឬការលូកដៃពីខាងក្រៅ។ តាមពិតទៅលោក អាត់ ធន់ មានទំនាក់ទំនងជាមួយខ្ញុំជិត ២០ឆ្នាំហើយតែ អាត់ ធន់ តែងបង្ហាញឥរិយាបទជាអ្នកប្រឆាំងដើម្បីបានការទុកចិត្តពីចៅហ្វាយបរទេសដែលផ្តល់លុយ។ សូម្បីតែថ្ងៃ ១ ឧសភា ២០២៤ កន្លងទៅ អាត់ ធន់ បានដឹកនាំកម្លាំងចូលរួមជាមួយក្រុមប្រឆាំងរៀបចំទិវាពលកម្មអន្តរជាតិដើម្បីបង្ហាញថាខ្លួនជាអ្នកប្រឆាំង។ ថ្ងៃ ៣ ឧសភា ២០២៤ ខ្ញុំមានការភ្ញាក់ផ្អើលក្រោយមើលសាររបស់លោក សយ សុភាព ដែលលោក អាត់ ធន់ ចង់បញ្ជូនមកខ្ញុំ ដែលទាំងសារដំបូងនិងសារបន្តបន្ទាប់ អាត់ ធន់ ចង់ឲ្យខ្ញុំជួយលើរឿងបោះឆ្នោត ឬមុខតំណែងក្នុងសហជីពក្នុងករណីចាញ់ឆ្នោត។ ការភ្ញាក់ផ្អើលរបស់ខ្ញុំនៅត្រង់ អាត់ ធន់ ឈប់ទាក់ទងមកខ្ញុំអស់មួយរយៈមកហើយដើម្បីក្លាយខ្លួនជាអ្នកប្រឆាំងពិតឬក្លែងក្លាយខ្ញុំមិនច្បាស់។ រឿងបានផ្លាស់ប្តូរត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ ពីថ្ងៃទី ១ ឧសភា ដល់ថ្ងៃ ៣ ឧសភា ២០២៤ បន្ទាប់ពីលោក អាត់ ធន់…

សំណេរលើហ្វេសប៊ុក ផេក សម្ដេចតេជោ ហ៊ុន សែន

ខ្ញុំពិតជាមានការភ្ញាក់ផ្អើលពេលបើកមើលមតិយោបល់ក្នុងតិចតុកដែលខ្ញុំបានបង្ហោះ។ មិនដឹងជនជាតិវៀតណាមចូលជេរខ្ញុំពីពេលណាមក ព្រោះមើលតែ៤វីដេអូដែលបានបង្ហោះ ឃើញរាប់សិបនាក់ចូលមកជេរ។ កាលឆ្នាំ ២០១៦(និងឆ្នាំ) ២០១៧ មានជាង ២០០០នាក់ ចូលមកជេរខ្ញុំតាម Facebook ក្នុងនោះមានម្នាក់ជាលេខាបក្សស្រុកផង។ ក្រោយខ្ញុំប្រាប់អគ្គលេខាបក្ស ងៀង ហ្វូចុង រឿងបែបនេះក៏ស្ងាត់ទៅវិញពេលនោះរឿងសមុទ្រចិនខាងត្បូង។ ពេលនេះពួកគេចូលមកជេរតាម TikTok ម្តង ប្រហែលជាក្រោយខ្ញុំនិយាយរឿងព្រែកជីកហ្វូណនតេជោ។ ខ្ញុំមិនប្រាកដថាវៀតណាមនេះជាអ្នកណា? វៀតណាមនៅក្នុងប្រទេសវៀតណាម ឬវៀតណាមនៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាម ឬអណិកជនវៀតណាមនៅកម្ពុជា ឬបងប្អូនខ្មែរក្រោមដែលមានគណនី តិចតុក និងចេះវាយអក្សរវៀតណាមផងនិងចេះអានអក្សរខ្មែរផង។ ដោយមានការសង្ស័យនិងភាពមិនច្បាស់លាស់បែបនេះ គឺមានតែកិច្ចសហការស្រាវជ្រាវតែមួយគត់ដែលយើងអាចធ្វើបាន។ ខ្ញុំស្នើឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរខ្ញុំជាអ្នកណា? ខ្ញុំមិនចោទប្រកាន់ថ្នាក់ដឹកនាំវៀតណាមថាប្រើប្រាស់មនុស្សបែបនេះឱ្យចូលមកជេរខ្ញុំទេ ដូចនេះទើបខ្ញុំស្នើសុំកិច្ចសហការស្រាវជ្រាវដើម្បីជៀសវាងពួកអាក្រក់ឆ្លៀតបំបែកបំបាក់៕