សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ការដែលទៅដល់ប៉េកាំងមានគោលដៅតែមួយគត់គឺកំដរព្រះមហាក្សត្រ និងហ្លួងម៉ែក្នុងពេលវេលាដ៏លំបាក

ថ្វាយបង្គំសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់! ពេលនេះខ្ញុំព្រះករុណាខ្ញុំកំពុងស្ថិតនៅមន្ទីរពេទ្យក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន សូមទូលប្រគេន និងជម្រាបជូនបងប្អូនជនរួមជាតិថាការវះកាត់របស់គ្រូពេទ្យចិនថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ។ ការវះកាត់បានធ្វើនៅព្រឹកថ្ងៃ២០ ខែមេសាឆ្នាំ២០២៦នេះ។ ពេលនេះព្រះករុណាព្រះអង្គបានដឹងព្រះកាយបន្ទាប់ពីអស់ថ្នាំសណ្តំ ។ ពេលនេះគ្រូពេទ្យកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់។ ព្រះករុណាព្រះមហាក្សត្រ និងសម្តេចម៉ែព្រះអង្គសូមអរព្រះគុណ និងអរគុណចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបានផ្ញើសារថ្វាយព្រះពរចំពោះព្រះអង្គ។ ខ្ញុំសូមយកឱកាសនេះអរគុណប្រធានាធិបតី ស៊ី ជីនភីង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។ សូមអរគុណជាពិសេសដល់ក្រុមគ្រូពេទ្យដ៏ពូកែដែលបានវះកាត់ប្រកបដោយជោគជ័យនិងសុវត្ថិភាពសម្រាប់ព្រះមហាក្សត្រជាទីគោរពស្រលាញ់របស់ប្រជាជនកម្ពុជា។ សម្រាប់ខ្ញុំព្រះករុណា និងកូនប្រុសពីរនាក់ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី បានមកដល់ប៉េកាំងតាំងពីថ្ងៃ១៧ ខែមេសា ឆ្នាំ២០២៦មកម្ល៉េះ ដែលមានគោលដៅតែមួយគត់គឺកំដរព្រះមហាក្សត្រ និងហ្លួងម៉ែក្នុងពេលវេលាដ៏លំបាកនេះព្រោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ គឺជាសុខភាពរបស់ប្រទេសជាតិទាំងមូល។ ក្នុងករណីព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរ ខ្ញុំព្រះករុណានឹងត្រឡប់ទៅប្រទេសវិញនៅថ្ងៃ២២ ខែមេសា ឆ្នាំ២០២៦។

សម្តេចតេជោ ហ៊ុន សែន៖ «របួសកូនដៃមួយ មិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ»

របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ។ តើហាមទេវតាមិនឲ្យចុះមកបានទេ? តើហាមប្រជាជនមិនឲ្យចូលឆ្នាំបានទេ? បើកម្ពុជាពេលនេះមិនមានជម្ងឺឆ្លងកូវីដ១៩ ដូចឆ្នាំ២០២០ផងនោះ។ យើងទទួលស្គាល់ថាយើងនៅមានការលំបាកតាមព្រំដែនជាមួយថៃលើផ្នែកមួយនៃដែនដី និងពេលវេលាដែលជាការលំបាករបស់កងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែន និងប្រជាជនភៀសសឹកមួយចំនួនដែលយើងបានជួយឲ្យពួកគាត់មានឱកាសបានចូលឆ្នាំផងដែរ។ សម្រាប់ប្រជាជនជាង១៧លាននាក់ផ្សេងទៀត តើទុកឲ្យពួកគាត់នាំគ្នាស្រែកយំបញ្ឈប់សកម្មភាពជីវភាពសេដ្ឋកិច្ចសង្គមឬយ៉ាងណា? ដូចជាការបិទផ្សារ បិទការលក់ដូរ បិទធនាគារបិទរោងចក្រ បិទកសិដ្ឋាន បិទសាលារៀន។ល។ រហូតទៅបិទមិនឲ្យប្រជាជនសប្បាយរីករាយក្នុងពេលចូលឆ្នាំឬយ៉ាងណា? ពួកជ្រុលនិយមទិតៀនរាជរដ្ឋាភិបាលដែលរៀបចំនគរសង្រ្កាន ដោយគេចោទរាជរដ្ឋាភិបាលថាមិនបានគិតដល់ការលំបាករបស់កងទ័ព និងប្រជាជនភៀសសឹកដែលជាចេតនាធ្វើឲ្យជាតិទាំងមូលធ្លាក់ចូលក្នុងស្ថានភាពពិការ ដែលគ្មានសកម្មភាពសេដ្ឋកិច្ចសង្គម ដែលខ្ញុំប្រៀបធៀបថា(របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណនោះឡើយ)។ សកម្មភាពសប្បាយរីករាយរបស់ប្រជាជននៅកន្លែងមួយចំនួនប៉ុន្មានថ្ងៃ មកនេះនិងនៅគ្រប់ទីកន្លែងនៅពេលទទួលទេវតាឆ្នាំនេះវាស្មើនិងការទះកំភ្លៀងចំពោះពួកប្រឆាំងនឹងការចូលឆ្នាំ។ សូមគោរពអញ្ជើញអ្នកប្រឆាំងនិងការចូលឆ្នាំមកសប្បាយរីករាយក្នុងពេលចូលឆ្នាំទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេស។ សូមកុំខ្មាស់អៀនអីគ្រាន់តែគិតខុសនិងសកម្មភាពខុសដែលនាំដល់ខ្លួនខាតប៉ុណ្ណោះព្រោះបើ ធ្វើប្រឆាំងហើយត្រូវប្រឆាំងគ្រប់មុខ ទាំងអស់៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ត្រិន កឹមទូ (Tran Cam Tu) សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ត្រិន កឹមទូ (Tran Cam Tu) សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ ឯកឧត្តម ត្រិន កឹមទូ (Tran Cam Tu) និងប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានៅពេលនេះ។ សម្ដេចតេជោបានចាត់ទុកដំណើរទស្សនកិច្ចជាន់ខ្ពស់របស់សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាមមកកាន់ប្រទេសកម្ពុជា គឺបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជានិងវៀតណាម ហើយទស្សនកិច្ចនេះក៏បានបង្ហាញនូវនិមិត្តរូបនៃការជឿជាក់គ្នារវាងកម្ពុជា និងវៀតណាមផងដែរ។ នៅក្នុងឱកាសនោះឯកឧត្តម ត្រិន កឹមទូ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងប្រតិភូបានជួបសម្ដែងការគួរសម…