នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានអញ្ជើញទទួលស្វាគមន៍ និងរៀបចំពិធីលៀងសាយភោជន៍ផ្លូវការ ជូនដល់គណៈប្រតិភូមកពីបណ្តាប្រទេស និងអង្គការអន្តរជាតិ ដែលបានចូលរួម «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2)» ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នាឱកាសនោះ ក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ សម្ដេចតេជោបានមានប្រសាសន៍ថា ក្នុងនាមព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនសម្តេចផ្ទាល់ សម្តេចមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែងដែលបានរៀបចំពិធីលៀងសាយភោជន៍ដើម្បីស្វាគមន៍ និងជាកិត្តិយសជូនឯកឧត្តម លោកជំទាវប្រធានសភាអនុប្រធានសភា និងប្រតិភូជាតិ និងអន្តរជាតិទាំងអស់ដែលបានអញ្ជើញ មកចូលរួមសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ នៅរាជធានីភ្នំពេញ តាមការអញ្ជើញរបស់សម្តេច។
សម្ដេចបន្តទៀតថា ការចូលរួមរបស់ឯកឧត្តមលោកជំទាវក្នុងសន្និសីទនេះ បានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមចំពោះសន្តិភាព និងវិបុលភាព និងពី ជំនឿរបស់យើងចំពោះសារៈសំខាន់នៃកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ការបែកបាក់ និងជម្លោះកាន់តែខ្លាំងឡើង។
សម្តេចសង្ឃឹមយ៉ាងមុតមាំថាស្មារតីនៃកិច្ចសន្ទនា មិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការដែលយើងបានបង្ហាញនៅក្នុងសន្និសីទនេះនឹងបន្តពង្រឹងទំនាក់ទំនងរវាងសភា និងប្រទេសរបស់យើង ហើយទន្ទឹមគ្នានេះ រួមចំណែកកាន់តែខ្លាំងដល់ការកសាងពិភពលោកមួយដែលមានសន្តិភាពស្ថិរភាពយុត្តិធម៌និងវិបុលភាពយូរអង្វែងសម្រាប់មនុស្សជាតិទាំងមូល។
កិច្ចពិភាក្សាផ្លូវការរបស់យើងបានប្រព្រឹត្តទៅក្នុងសន្និសីទ ប៉ុន្តែរាត្រីនេះ ផ្តល់ឱ្យយើងនូវឱកាសដ៏ល្អមួយដើម្បីបន្តពង្រឹងទំនុកចិត្ត ចំណងមិត្តភាព និងភាពជិតស្និទ្ធរវាងគ្នាក្នុងបរិយាកាសកាន់តែកក់ក្តៅ និងស្និទ្ធស្នាល។សម្រាប់កម្ពុជា បដិសណ្ឋារកិច្ចមិនគ្រាន់តែជាប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវមិត្តភាពនិងការគោរព។
ដូច្នេះសម្តេចជឿជាក់ថា រាត្រីនេះ នឹងផ្តល់ឱកាសជូនឯកឧត្តម លោកជំទាវ និងលោកលោកស្រីបានស្វែងយល់ និងរីករាយជាមួយបដិសណ្ឋារកិច្ច ម្ហូបអាហារ និងវប្បធម៌ខ្មែរ ហើយអ្វីដែលសំខាន់បំផុតគឺមិត្តភាព ដ៏ស្មោះស្ម័គ្ររបស់ប្រជាជនកម្ពុជា។ ចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងសភា និងប្រជាជាតិទាំងអស់។
ពិធីនេះក៏មានការរៀបចំនូវទម្រង់សិល្បៈ របាំ ប្រពៃណីជាតិខ្មែរ និងចម្រៀង ដែលធ្វើឱ្យពិធីកាន់តែមានភាព រីករាយក្រៃលែង សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ៕

