សម្តេចតេជោ ហ៊ុន សែន សម្រេចលុបចោលដំណើរទៅចូលរួមប្រជុំអាស៊ាន-កូរ៉េ នៅសាធារណរដ្ឋកូរ៉េ ដោយសារជំងឺម្តាយក្មេករបស់សម្តេចស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសម្រេចប្រកាសលុបចោលដំណើរទៅប្រជុំអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ ដោយសារជំងឺម្តាយក្មេករបស់សម្តេចស្ថិតនៅក្នុងស្ថានភាពសង្រ្គោះបន្ទាន់។ នៅតាម Facebook របស់សម្តេចតេជោនារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ពេលនេះ ខ្ញុំកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារម្តាយក្មេកជាទីគោរពស្រឡាញ់របស់ខ្ញុំកំពុងស្ថិតនៅសង្រ្គោះបន្ទាន់នឹងពិនិត្យឃើញថា ពិបាកនឹងសង្រ្គោះបាន។ ហេតុការណ៍នេះបានកើតឡើងចំពេលដែលខ្ញុំត្រៀមចាកចេញ ទៅប្រជុំអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាននៃសាធារណរដ្ឋកូរ៉េ។ ដោយបំពេញភារៈកិច្ចជាកូន ខ្ញុំគ្មានជម្រើសអ្វីក្រៅតែពីសុំទោសប្រធានាធិបតីកូរ៉េ មូន ចេអ៉ិន និងឯកឧត្តម ប្រាយុទ្ឋ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ដែលជាប្រធានអាស៊ាន និងថ្នាក់ដឹកនាំអាស៊ានផ្សេងទៀតចំពោះការអាក់ខានរបស់ខ្ញុំសម្រាប់កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងតំណាងឱ្យខ្ញុំនៅក្នុងកិច្ចប្រជុំទាំងពីរខាងលើ។ ខ្ញុំក៏សូមការយោគយល់ពីសំណាក់បងប្អូនខ្មែរដែលជានិស្សិត ជាពលករ ជាអាជីវករ និងបងប្អូនដែលមានគ្រួសារជាជនជាតិកូរ៉េដែលត្រៀមខ្លួនមកទទួល និងសំណេះសំណាលជាមួយខ្ញុំនៅល្ងាច ថ្ងៃទី ២៤ វិច្ឆិកា២០១៩។ សុំការយោគយល់សម្រាប់កម្មវិធីការងារមួយចំនួនផ្សេងទៀតដែលនឹងត្រូវលប់ចោល…