សម្តេចតេជោ ហ៊ុន សែន៖ ជំងឺដែលកម្ពុជាកំពុងជួបប្រទះពិតប្រាកដ មិនមែនជំងឺផ្លូវដង្ហើមកូរ៉ូណាទេ ប៉ុន្តែជាជំងឺភ័យខ្លាច
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ជំងឺដែលកម្ពុជាកំពុងជួបប្រទះពិតប្រាកដនាពេលនេះ មិនមែនជាងជំងឺរលាកផ្លូវដង្ហើមថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា (Coronavirus) នោះទេ ប៉ុន្តែគឺជាជំងឺភ័យខ្លាច ដែលកើតឡើងតាមរយៈការបំពុលព័ត៌មាន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងអំឡុងពេលថ្លែងសារទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណានៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖ «បញ្ហាដែលចោទឡើងប៉ុន្មានថ្ងៃនេះ តើអ្វីទៅជាបញ្ហាពិតប្រាកដ តើប្រទេសយើងកំពុងមានជំងឺអ្វីទៅ? ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះបញ្ជាក់ជូនថា ជំងឺពិតប្រាកដដែលបាននិងកំពុងកើត នៅក្នុងប្រទេសរបស់យើង គឺជំងឺភ័យខ្លាច មិនមែនជាជំងឺវីរុសកូរ៉ូណាថ្មី ដែលបានកើតចេញពីទីក្រុងវូហាន នៃប្រទេសចិននោះទេ»។ កម្ពុជាបានរកឃើញករណីឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើខ្លួនជនជាតិចិនម្នាក់ ដែលបានចាកចេញពីក្រុងវូហាន ប្រទេសចិន ដែលជាក្រុងផ្ទុះជំងឺមុនគេ ហើយមកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ ជនជាតិចិនម្នាក់ដែលឆ្លងជំងឺនេះមានឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន…