FN ៖ ខណៈនាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយគ្រឿងឈ្មោះ Westerdam ដែលផ្ទុកមនុស្សជាង២២០០នាក់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យចូលសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅព្រឹកទី១៣ ខែកុម្ភៈ ក្រោយពីប្រទេសនិងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី ពាក់ព័ន្ធបញ្ហានេះក៏មានសំណួរលើកឡើងថា ហេតុអ្វីកម្ពុជាឲ្យកប៉ាល់មួយនេះចូលចត។
ឆ្លើយតបបញ្ហានេះលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News បានស្នើសុំធ្វើកិច្ចសម្ភាសន៍ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមទូរស័ព្ទដោយលើកឡើងថា តើហេតុអ្វីកម្ពុជាសម្រេចអនុញ្ញាតឲ្យនាវាទេសចរណ៍របស់អាមេរិក ចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ ខណៈប្រទេសនិងកោះសរុបចំនួន៦ បានបដិសេធ, មិនឲ្យចូលចតកំពង់ផែរបស់ខ្លួន ដោយសារខ្លាចមេរោគកូរ៉ូណា ឬ Covid-19 ?
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតបថា «ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន»។
«យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ កិច្ចការនេះបង្ហាញពីការងារ មនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជាសម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។ បើគេមិនទទួលកម្ពុជាទទួល, កម្ពុជាក៏ចង់បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិននោះទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាបញ្ហាប្រឈម ជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ។ យើងត្រូវតែជួយពួកគេនៅពេលដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកប ដោយស្មារតីទទួលខុសត្រូវ», នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមយ៉ាងដូច្នេះ។
នាវាទេសចរណ៍ដ៏ធំនេះឈ្មោះ Westerdam នឹងមកចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ហើយការអនុញ្ញាតឲ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធានាច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់លើកប៉ាល់មិនមានអ្នកណាម្នាក់ ផ្ទុកវិដេអូកូរ៉ូណាថ្មី ឬ Covid-19 នោះទេ។
អ្នកវិភាគបានលើកឡើងថា ប្រទេសនិងកោះ ចំនួន៦ដែលបានរារាំងនាវាទសេចរណ៍ខ្នាតយក្សនេះចូលចត សុទ្ធសឹងតែជាប្រទេសដែលមានភាពសិទ្ធស្នាលនឹង សហរដ្ឋអាមេរិក ខណៈនាវាទេសចរណ៍ខាងលើ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាមេរិកហូឡេនដ៍ (Holland America) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ដូច្នេះអ្វីដែលជាទង្វើរបស់កម្ពុជាធ្វើនៅពេលនេះ ជាកិច្ចការមនុស្សធម៌ដ៏ល្អណាស់ក្នុងនាមប្រទេសតូចនិងដ៏កំសត់មួយ មិនរើសអើងពូជសាសន៍ និងបង្ហាញទឹកចិត្តដ៏ធំធេងក្នុងការជួយសង្រ្គោះមនុស្សកំពុងជួបគ្រោះអាសន្ន។
អាជ្ញាធរកម្ពុជានឹងសម្របសម្រួលគ្រប់និតីវិធីទាំងអស់ ទាំងការត្រួតពិនិត្យសុខភាពនៅលើកប៉ាល់, មិនយកថ្លៃ Visa និងសេវាផ្សេងៗ ដែលទាំងនេះបង្ហាញទឹកចិត្ត ដ៏ប្រពៃបំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចំពោះផ្នែកកិច្ចការមនុស្សធម៌ និងគ្មានការរើសអើងពូជសាសន៍ប្រទេសដទៃនោះទេ។ ក្រៅពីនោះអាជ្ញាធរនឹងចែកក្រមាដល់អ្នកដំណើរទាំងអស់នោះផងដែរ។
ក្រុមហ៊ុននាវាទេសចរណ៍ បានឲ្យដឹងតាមរយៈគេហទំព័ររបស់ខ្លួនថា នឹងសំចត១-២ថ្ងៃនៅខេត្តព្រះសីហនុ ព្រមទាំងសម្រេចជួលយន្តហោះសម្រាប់ដឹកជញ្ជូនអ្នកដំណើរ ពីព្រលានយន្តហោះ ខេត្តព្រះសីហនុ ទៅកាន់អាកាសយានយន្តអន្តរជាតិភ្នំពេញ ហើយអ្នកដំណើរបន្តត្រឡប់ទៅផ្ទះវិញរៀងខ្លួនៗ។
ក្រុមហ៊ុន Holland America Line របស់នាវា Westerdam បានសរសេរសារនៅលើ Facebook ផ្លូវការរបស់ខ្លួន ដោយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធរកម្ពុជា ដែលបានគាំទ្រ និងអនុញ្ញាតឲ្យកប៉ាល់របស់ខ្លួនបានចូលចតនៅកំពង់ផែព្រះសីហនុ។
គួរបញ្ជាក់ថា កប៉ាល់ទេសចរណ៍ Westerdam មានដឹកមនុស្សសរុបជាង ២,២០០នាក់ ក្នុងនោះអ្នកដំណើរ ១,៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែវាត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និងកោះហ្គាំ (អាមេរិក) បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)៕