សម្ដេចតេជោ ហ៊ុន សែន៖ ក្រោយរំលាយបក្សសង្គ្រោះជាតិ គ្មានការដកហូតតំណែងរបស់សមាជិក គ.ជ.ប មកពីបក្សនេះឡើយ
FN ៖ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅសាលមហោស្រពសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ក្រោយពីរំលាយគណបក្សសង្គ្រោះជាតិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមកពីគណបក្សប្រឆាំងមួយនេះ មិនមានការដកហូតតំណែងនោះឡើយ។ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អត់មានប៉ះពាល់ទេ ដោយសារអី? ដោយសារតែប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សុទ្ធតែបានលាលែងចេញពីគណបក្សនយោបាយរួចទៅហើយ។ អ៊ីចឹងទេ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អត់មានផលប៉ះពាល់ទេ ព្រោះគេបានលាចេញពីបក្សហើយ»។ តែទោះជាយ៉ាងណា សម្ដេចតេជោបានបញ្ជាក់ថា ចំពោះសមាជិកព្រឹទ្ធសភា បច្ចុប្បន្នគ្មានឱកាសឈរឈ្មោះជាសមាជិកព្រឹទ្ធសភាតទៅទៀតឡើយ ប្រសិនបើគណបក្សសង្គ្រោះជាតិ ត្រូវរំលាយមុនការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ខាងមុខ។ សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានបង្កើតឡើងដោយយោងតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវបានអនុម័តក្នុងឆ្នាំ១៩៩៧។ ចាប់ពីឆ្នាំ១៩៩៨-២០០២ គ.ជ.ប មានសមាជិកចំនួន ១១រូប មានសមាសភាពជាឥស្សរជនខ្មែរ តំណាងប្រជាពលរដ្ឋ តំណាងគណបក្សនយោបាយមានអាសនៈក្នុងរដ្ឋសភា តំណាងក្រសួងមហាផ្ទៃ និងតំណាងអង្គការមិនមែនរដ្ឋាភិបាល…