FN ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ស្អែកនេះ មានរយៈពេល៤១ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបាត់បង់កូនប្រុសដំបូង ក្រោយពេលសម្រាលមិនបានប៉ុន្មាននាទីផងនោះ ព្រោះតែការធ្វេសប្រហែសរបស់ឆ្មបនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ការបាត់បង់កូនប្រុសដំបូងកើតចេញ ពីចំណងអាពាហ៍ពិពាហ៍ដ៏កម្សត់ក្នុងរបបអាវខ្មៅប៉ុលពតនោះ បានបន្សល់នូវក្តីវិយោគ និងឈឺចាប់យ៉ាងខ្លាំងសម្រាប់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ក្តីឈឺចាប់ក្នុងនាមជាឪពុក និងក្នុងនាមជាម្តាយ ដែលគ្មានសិទ្ធអ្វីសម្រាប់ជួយដល់កូននាពេលនោះ នៅតែបន្តដក់ចប់ក្នុងក្រអៅបេះដូងរបស់អាណាព្យាបាលពោរពេញដោយព្រហ្មវិហារធម៌ទំាងពីររូបនេះ។
មិនខុសពីបណ្តាឆ្នាំនោះទេ នៅឆ្នាំនេះសាររៀបរាប់បង្ហាញនូវក្តីវិយោគសោកសង្រេងច្រើន ឥតគណនាត្រូវបានរំលេចឡើងលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន។ តាមរយៈសារនេះបានរំលេចឡើងនូវក្តីឈឺចាប់យ៉ាងខ្លាំង ដែលមិនអាចមាននរណាអាចស្មានដឹងពីជម្រៅឈឺចាប់មួយនេះបាននោះឡើយ។
ខាងក្រោមគឺសារដែលសរសេរឡើងដោយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដែលមានការប៉ានស្មានថាជាអក្ខរារំលេចឡើងជាមួយទឹកភ្នែករមៀលស្រក់ ឥតដាច់ព្រោះតែទំហំឈឺចាប់ផុសចេញពីក្រអៅបេះដូង៖
កូនប្រុសដ៏កម្សត់របស់ពុក នៅថ្ងៃស្អែកគឺដល់ខួប ៤១ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០១៧)។ ពុក និងម៉ែកូន មិនដែលភ្លេចទេនូវសោកនាដកម្មដែលបានកើតឡើងចំពោះរូបកូន ព្រមទាំងពុកនិងម៉ែនោះទេ។ ការរៀបចំឡើងនូវផ្នូររបស់កូន និងចម្រៀង «អនិច្ចារកូនកំសត់ប្រវត្តិម្ដាយកម្ម» «ទំនួញកំសត់ប្រវត្តិវិទ្យាល័យ» និង «ព្រលឹងកំសត់» ដែលពុកម៉ែបានធ្វើឡើងក្នុងបំណងរំលឹកដល់វិញ្ញាណក្ខ័ន្ឋកូន និងការឈឺចាប់នាពេលនោះ។
ពុកនៅចាំបានយ៉ាងច្បាស់ថា ក្រោយម៉ោង៦ព្រឹក ថ្ងៃទី១០ ខែ វិច្ចកា ឆ្នាំ១៩៧៦ ក្រោយពេលកូនប្រសូត្រចាកផ្ទៃម្តាយកូន គ្រូពេទ្យបានធ្វើឱ្យកូនរបូតធ្លាក់ពីដៃត្រូវនឹងជ្រុងគ្រែធ្វើឱ្យកូនបាក់ឆ្អឹងខ្នង ធ្លាក់ដល់ដីគាប់ជួនពុកបានធ្វើដំណើរពីភូមិកោះថ្ឃុំ ទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ដែលតាំងនៅអតីតអនុវិទ្យាល័យស្រុកមេមត់។ ម្តាយកូនឆ្លងទន្លេម្នាក់ឯងដោយមិនមានពុកនៅមើលថែទេ។ ពុកមិនបានបំពេញការងារជាប្តី ជាឪពុកទេ ព្រោះពេលនោះមិនថាតែពុកនោះទេ គឺប្រជាជនទូទាំងប្រទេសមានសិទ្ឋិ តិចជាងសត្វឆ្កែឬឆ្មាទៅទៀត។ ឆ្កែ ឆ្មាវាមានសិទ្ឋិការពារកូនវាច្រើនជាងមនុស្ស។ តែដូចទេវតាបានជួយរៀបចំ ឱ្យពុកបានធ្វើដំណើរជាមួយមេបញ្ជាការ ទៅកាន់ស្រុកត្បូងឃ្មុំនាពេលនោះ ដែលពុកមានឱកាសចូលមើល ម្តាយកូននៅមន្ទីរពេទ្យប្រចាំស្រុកមេមត់។
ភាពតក់ស្លុតបានកើតឡើងចំពោះរូបពុក នៅពេលដែលពុកឈានជើងចូលដល់មន្ទីរពេទ្យ ហើយត្រូវអ្នកជម្ងឺដែលសម្រាកជាមួយម្តាយកូនស្រែកប្រាប់ថា “រ៉ានីឆ្លងទន្លេ ហើយកូនស្លាប់ហើយ”។ ពុកប្រឹងរត់ទៅរកកូនឃើញឈាមកូនកំពុងហូរចេញតាមមាត់ ពុកប្រឹងស្រែកឱ្យគេជួយដើម្បីសង្គ្រោះជីវិតកូន ក្នុងពេលដែលម្តាយកូនសន្លប់មិនទាន់ដឹងខ្លួន និងមិនទាន់ដឹងថាកូនស្លាប់នៅឡើយ អាស្រ័យដោយនៅបន្ទប់នៅផ្សេងគ្នា។
ពុកអត់ធ្វើអ្វីបានទេកូន ពុកបានសុំមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់នឹងនៅមើលថែទាំ ម្តាយកូនក្រោយឆ្លងទន្លេ។ មិនត្រឹមតែមិនបានទទួលការអនុញ្ញាតប៉ុណ្ណោះទេ តែពុកត្រូវរងនូវការប្រមាថយ៉ាងធ្ងន់ធ្ងរទៀតផង « កម្មសិទ្ឋិមនោសញ្ចេតនាក្រាស់» «មិត្តឯងមិនមែនគ្រូពេទ្យទេ» «បើមិត្តឯងនៅ ក៏អាកូននេះមិនរស់ឡើងវិញដែរ» «មានពេទ្យយកខ្មោចកូននេះទៅកប់ហើយ មិនបាច់កប់ខ្លួនឯងទេ» «ការងារអង្គការសំខាន់ជាងការងារបុគ្គល»។ល។
ឈឺចាប់ណាស់កូន តែពុកត្រូវទ្រាំអត់ធ្មត់ព្រោះការងារដែលពុកត្រូវធ្វើ គឺរំដោះប្រជាជនកម្ពុជា ទូទាំងប្រទេសចេញពីរបបឃោរឃៅនេះ។ ពុកពុំមានអ្វីផ្តល់ឱ្យកូនក្រៅតែពីក្រម៉ា១ ដែលដោះចេញពីកពុកដើម្បីរុំខ្មោចកូននោះទេ។ ពុកខំប្រឹងទៅរកម្តាយកូនដែលទើបដឹងខ្លួន បន្ទាប់ពីសន្លប់ ហើយប្រាប់គាត់ថា កូនស្លាប់ហើយនឹងដាក់ឈ្មោះកូនថា «កំសត់»។ ឈ្មោះនេះនៅជាប់ជានិច្ចក្នុងវិញ្ញាណពុក ហើយកូន កំសត់នេះហាក់តាមថែរក្សាពុកម៉ែគ្រប់ពេលវេលា។
ពួកគេបង្ខំឱ្យពុកចាកចេញពីម្តាយកូននិងខ្មោចកូនទាំងការឈឺចាប់ ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់។ ៣ថ្ងៃក្រោយមកទើបពុកបានការអនុញ្ញាតទៅជួបម្តាយកូនសារជាថ្មីដែលកំពុងមានជម្ងឺជាទម្ងន់ ដែលខ្មែរយើងនិយមហៅថា «សល់សុក»។
ពុកត្រូវយកម្តាយកូនចេញពីពេទ្យដើម្បីឱ្យឆ្មបបូរាណខ្មែរកាយទម្លាក់សុកចេញ ទើបសង្គ្រោះជីវិតម្ដាយកូនបាន។ ពុកសុំទោសកូន ដែលពុកមិនដឹងថា សាកសពកូនគេយកទៅកប់ ឬបោះចោលនៅទីណា ព្រោះការងារបន្ទាន់របស់ពុក គឺត្រូវយកម្តាយកូនចេញពីមន្ទីរពេទ្យទៅព្យាបាលតាមបែបបូរាណវិញ។ ពុកពុំមានពេលស្វែងរកសាកសពកូននៅពេលនោះទេ សង្ឃឹមថាកូនយោគយល់ ហើយមកនៅផ្នូរដែលពុកម៉ែបានសាងសង់សំរាប់កូនតាំងពីទសវត្សឆ្នាំ១៩៨០មក។
រៀងរាល់ពេលដែលពុកនឹកដល់រឿងដ៏ឈឺចាប់នេះ ទឹកភ្នែកពុកតែងតែហូរចេញមក នេះជាទឹកភ្នែកនឹកដល់កូនកំសត់ ជាទឹកភ្នែកនឹកដល់ការឈឺចាប់លើសពីការអត់ធ្មត់បានរបស់មនុស្ស ជាទឹកភ្នែកនឹកដល់ប្រជាជនកម្ពុជា រាប់លាននាក់ដែលត្រូវពួកប៉ុលពត សម្លាប់ និងធ្វើបាបដូចក្រុមគ្រួសារយើងដែរ។
កន្លងមកប្អូនប្រុសប្អូនស្រី និងក្មួយៗរបស់កូនបានទៅដល់ផ្នូរកូន ហើយពុកម៉ែក៏បានរៀបចំបង្សុកូលឱ្យ កូនផងដែរ។ កូន កំសត់ សូមព្រលឹងកូនបន្តតាមថែរក្សាពុក ម៉ែ ប្អូនៗ និងក្មួយៗរបស់កូនតទៅទៀត។
ពុកនៅតែសូមការយោគយល់ពីកូនដែលមិនបានយកសពកូនទៅបញ្ចុះដោយខ្លួនឯង។ ពុកត្រូវអត់ធ្មត់ និងធ្វើតាមបញ្ជាររបស់ពួកឃាដករ តែការអត់ធ្មត់នោះហើយដែលរក្សាជីវិតពុក និងម៉ែកូន ព្រមទាំងផ្តល់ឱកាសឱ្យពុករួមចំណែកដឹកនាំចលនាតស៊ូរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងកសាងប្រទេសបានរីកចម្រើនរហូតសព្វថ្ងៃ។
ថ្ងៃនេះគឺជាថ្ងៃឯករាជ្យជាតិខួបលើកទី៦៤ហើយ ក៍ជាថ្ងៃគម្រប់១ខែរបស់ក្មួយប្រុសទី២០ ដែលជាកូនប្រុសរបស់ ម៉ាណែតរបស់កូន ពុកគួរតែសប្បាយ ប៉ុន្តែការឈឺចាប់បន្តយាយីអារម្មណ៍របស់ពុកជានិច្ច៕