រាជរដ្ឋាភិបាលកម្ពុជា អនុម័តទាំងស្រុងលើ សេចក្តីព្រាងច្បាប់ស្តីពីសំណង់
FN ៖ សេចក្តីព្រាងច្បាប់ស្តីពីសំណង់ ដែលរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងដោយមានការផ្តល់មតិពីអ្នកពាក់ព័ន្ធ ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទាំងស្រុងហើយ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ។ នេះបើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ លោក ផៃ ស៊ីផាន បានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីសំណង់នេះ ត្រូវបានតាក់តែងឡើងជាលើកដំបូងនៅឆ្នាំ២០១៧ ដោយមន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមផ្ដល់មតិយោបល់ និងធាតុចូលពីអ្នកជំនាញនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន។ សេចក្ដីព្រាងច្បាប់នេះត្រូវបានបញ្ជូនមកទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ និងបានដាក់ឆ្លងកិច្ចប្រជុំបច្ចេកទេសជាមួយក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងវប្បធម៌ នៃទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៣ ទី២៤ និងទី២៥ ខែកក្កដា ឆ្នាំ២០១៩ និងកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃទី៦ និងទី៧ ខែសីហា ឆ្នាំ២០១៩។ ក្រសួងយុត្តិធម៌ បានជួយពិនិត្យកែសម្រួលលើបណ្ដាមាត្រាមួយចំនួនក្នុងជំពូកពាក់ព័ន្ធនឹងនីតិវិធី និងទោសប្បញ្ញត្តិ ដើម្បីធានាឱ្យមានសង្គតិភាពជាមួយច្បាប់ជាធរមានដទៃទៀតនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្ដីព្រាងច្បាប់នេះក៏ត្រូវបានដាក់ឆ្លងការពិភាក្សាជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩…