កិច្ចសម្ភាសន៍ពិសេស៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការអនុញ្ញាតឲ្យនាវាទេសចរណ៍របស់អាមេរិកចូលចតកម្ពុជា ដើម្បីបំបាត់ជំងឺភ័យខ្លាច និងគ្មានការរើសអើងពូជសាសន៍
FN ៖ ខណៈនាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយគ្រឿងឈ្មោះ Westerdam ដែលផ្ទុកមនុស្សជាង២២០០នាក់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យចូលសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅព្រឹកទី១៣ ខែកុម្ភៈ ក្រោយពីប្រទេសនិងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី ពាក់ព័ន្ធបញ្ហានេះក៏មានសំណួរលើកឡើងថា ហេតុអ្វីកម្ពុជាឲ្យកប៉ាល់មួយនេះចូលចត។ ឆ្លើយតបបញ្ហានេះលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News បានស្នើសុំធ្វើកិច្ចសម្ភាសន៍ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមទូរស័ព្ទដោយលើកឡើងថា តើហេតុអ្វីកម្ពុជាសម្រេចអនុញ្ញាតឲ្យនាវាទេសចរណ៍របស់អាមេរិក ចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ ខណៈប្រទេសនិងកោះសរុបចំនួន៦ បានបដិសេធ, មិនឲ្យចូលចតកំពង់ផែរបស់ខ្លួន ដោយសារខ្លាចមេរោគកូរ៉ូណា ឬ Covid-19 ? សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតបថា «ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន»។ «យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ…