សម្តេចតេជោ ហ៊ុន សែន រីករាយនិងកក់ក្តៅក្នុងចិត្ត បន្ទាប់ពីជួបមេដឹកនាំកំពូលៗចិនដែលអះអាងថា នឹងមើលថែពលរដ្ឋ និងសិស្សនិស្សិតខ្មែរ មិនឲ្យឆ្លងជំងឺកូរ៉ូណាឡើយ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ មុនពេលដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីទីក្រុងប៉េកាំង ប្រទេសចិនមកកាន់កម្ពុជាវិញ ក្រោយពេលបញ្ចប់ជំនួបរវាងមេដឹកនាំកំពូលៗរបស់ចិននោះ សម្តេចបានបង្ហោះសារបង្ហាញនូវក្តីរីករាយ និងកក់ក្តៅក្នុងចិត្ត ដែលមេដឹកនាំរបស់ចិន បានអះអាងថា នឹងមើលថែពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែលនៅទីក្រុងវូហាន មិនឲ្យឆ្លងនូវជំងឺរលាកសួត បង្កដោយវីរុសកូរ៉ណាឡើយ។ ទោះជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន ក៏នៅតែបង្ហាញនូវអារម្មណ៍សោកស្តាយ ដែលមិនបានជួបជាមួយនិស្សិតខ្មែរ ដែលកំពុងស្នាក់នៅទីក្រុងវូហាន ដោយផ្ទាល់ ប៉ុន្តែសម្តេចសង្ឃឹមថា នឹងបានជួបនៅពេលខាងមុខ។ សម្តេចតេជោក៏បានណែនាំដល់និស្សិតដែលកំពុងស្នាក់នៅប្រទេសចិន ថែរក្សាសុខភាពឲ្យបានល្អ យកចិត្តទុកដាក់ធ្វើតាមការណែនាំរបស់សាលា និងអាជ្ញាធរសុខាភិបាលចិន ដើម្បីចៀសវាងការឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) និងជំងឺផ្សេងៗទៀត។ សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «នៅទីក្រុងប៉េកាំងពេលនេះ ធាតុអាកាសត្រជាក់ធ្លាក់ទឹកកក ប៉ុន្តែសុខភាពខ្ញុំ គឺល្អរឹងមាំ។ នៅពេលបន្តិចទៀតនេះ ខ្ញុំនឹងដឹកនាំគណប្រតិភូចាកចេញពីទីក្រុងប៉េកាំង ឆ្ពោះមកកាន់ប្រទេសកម្ពុជា តាមជើងយន្តហោះពិសេសរបស់រាជរដ្ឋាភិបាល។ ខ្ញុំពិតជាសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំងក្រោយ ពីបានជួបពិភាក្សាការងារជាមួយភាគីមិត្តចិន ដោយបានដឹងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ និងវិធានការទាំងឡាយរបស់មិត្តចិន…