សម្តេច ហ៊ុន សែន៖ បវេសនកាលឆ្នាំសិក្សាថ្មីនេះ នឹងបន្តដាស់ស្មារតីយើងទាំងអស់គ្នា ឲ្យចូលរួមលើកកម្ពស់ការអប់រំ កាន់តែសកម្មថែមទៀត
FN ៖ «បវេសនកាលឆ្នាំសិក្សា២០១៨-២០១៩ នឹងបន្តដាស់ស្មារតីយើងទាំងអស់គ្នា ឲ្យចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា កាន់តែសកម្ម និងរស់រវើកថែមទៀត»។ នេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០១៨-២០១៩។ សម្តេចតេជោ បានមានប្រសាសន៍ថា បវេសនកាលឆ្នាំសិក្សាថ្មី ២០១៨-២០១៩នេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចសូមសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមប្រកបដោយភាពស្និទ្ធស្នាលជាមួយជនរួមជាតិ ស្របពេលដែលឆ្នាំ២០១៨ ជាខួបលើកទី២០ នៃការបង្រួបបង្រួមជាតិ ការរក្សាបានសន្តិភាពពេញលេញជូនប្រទេសជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ។ សម្តេចបានមានប្រសាសន៍បន្តថា ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ជាថ្ងៃដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតរបស់ក្មួយៗ ជាសិស្សានុសិស្សចំណេះទូទៅទាំងអស់ ដែលជាកុលបុត្រ កុលធីតាជាទីស្រលាញ់របស់យើងគ្រប់ៗគ្នា មានឱកាសទទួលបាននូវការអប់រំ ឱកាសក្នុងការបន្តការសិក្សារៀនសូត្រ និងជាថ្ងៃចាប់ផ្តើមជីវិតសិក្សាដំបូងរបស់កុមារតូចៗ ដែលទើបនឹងដល់អាយុចូលសាលារៀន។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័ន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សប្បុរសជននានា ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ…