FN ៖ នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសនេប៉ាល, ប្រទេសទាំងពីរចុះកិច្ចព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការហោះហើរត្រង់លើវិស័យអាកាសចរស៊ីវិល ក្នុងពេលឆាប់ៗនេះ។ នេះជាការបញ្ជាក់របស់លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន បានជួបជាមួយ លោកស្រី Bidhya Devi Bhandari (ប៊ីដយ៉ា ដេវី បាន់ដារី) ប្រធានាធិបតីនេប៉ាល់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
ថ្លែងនៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់លោកស្រីប្រធានាធបិតី អំពីការចុះកិច្ចព្រមព្រៀងចំនួន៤ ជាមួយប្រទេសនេប៉ាល់។ សម្តេចតេជោបានមានប្រសាសន៍យ៉ាងដូច្នេះ៖ «នៅក្នុងចំណោមកិច្ចព្រមព្រៀងនេះ អាចជំរុញការហោះហើរ Direct រវាងប្រទេសយើងទាំងពីរ ហើយក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ឬក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសនេប៉ាល់អាចហោះហើរផ្ទាល់»។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ការព្រមព្រៀងនេះ គឺជាផ្នែកមួយដែលជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ហើយសម្តេចតេជោ ពិតជាមានបំណងមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសនេប៉ាល់យូរមកហើយ ហើយដំណើរទស្សនកិច្ចនៅប្រទេសនេប៉ាល់ នៅពេលនេះគឺជាការចាប់ផ្តើមទំនាក់ទំនងការទូតកម្រិតខ្ពស់រវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះដែរលោកស្រីប្រធានាធិបតីនេប៉ាល់ ក៏បានសម្តែងនូវការសប្បាយរីករាយយ៉ាងខ្លាំងចំពោះការអញ្ជើញមកបំពេញទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងប្រទេសនេប៉ាល់ ព្រមទាំងជំរុញឱ្យប្រទេសទាំងពីរមានទំនាក់ទំនងល្អឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
លោកស្រី បានថ្លែងយ៉ាងដូច្នេះ៖ «ខ្ញុំតែងតែមានសុបិនថា ធ្វើយ៉ាងណាឱ្យប្រទេសនេប៉ាល់ អាចមានការតភ្ជាប់តាមរយៈជើងហោះហើរ ជាមួយបណ្តាប្រទេសផ្សេងៗទៀត រួមទាំងប្រទេសកម្ពុជា ជាពិសេសប្រទេសដែលមានជំនឿទៅលើព្រះពុទ្ធសាសនា»។
លោកស្រី បានបន្តថា ប្រទេសនេប៉ាល់ គឺជាទឹកដីនៃព្រះពុទ្ធ និងទស្សនវិជ្ជារបស់ព្រះពុទ្ធ ដូច្នេះតាងនាមឱ្យប្រទេសនេប៉ាល់ លោកស្រីពិតជារីករាយខ្លាំងណាស់ លើការចុះហត្ថលេខា ក្នុងការតភ្ជាប់លើការហោះហើរ រវាងប្រទេសកម្ពុជា និងនេប៉ាល់ ព្រមទាំងជំរុញឱ្យពាណិជ្ជកររបស់នេប៉ាល់ ចូលរួមក្នុងវិស័យនេះផងដែរ។
សូមបញ្ជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ បានភ្ជាប់ទំនាក់ទំនងការទូត ជាមួយគ្នានៅឆ្នាំ១៩៦៤ ប៉ុន្តែរហូតមកដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៩ ប្រទេសទាំងទាំងពីរ បានភ្ជាប់ទំនាក់ទំនងជាថ្មីឡើងវិញ បន្ទាប់ពីការអាក់ខានមួយរយៈពេល។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ទីក្រុងកដ្ឋមន្ធូ ប្រទេសនេប៉ាល់ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់លោក ខាន់ហ្កា ប្រាសាត សាម៉ា អូលី នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសហព័ន្ធ ប្រជាធិបតេយ្យនេប៉ាល់ ទៅកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១០ ក្នុងឱកាសនៃការអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលរួមមហាសន្និបាតលើកទី៦ នៃសន្និបាតអន្តរជាតិ របស់គណបក្សនយោបាយតំបន់អាស៊ី នៅរាជធានីភ្នំពេញ៕