ទូតបារាំង សរសើរកម្ពុជាគ្រប់គ្រងបានល្អ លើការរាតត្បាតជំងឺកូវីដ១៩ និងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ
FN ៖ លោកស្រី អ៉ីវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានបង្ហាញនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញយុទ្ធសាស្ត្របានយ៉ាងល្អលើការងារគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ជាពិសេសការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងល្បឿនមួយយ៉ាងលឿន។ ការកោតសរសើររបស់លោកស្រីឯកអគ្គរដ្ឋទូត បានធ្វើឡើងនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពេលចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានដកស្រង់សម្តីលោកស្រីទូតបារាំង មកគូសបញ្ជាក់យ៉ាងដូច្នេះ «កម្ពុជាមានការគ្រប់គ្រង និងដាក់ចេញយុទ្ធសាស្ត្រជាក់លាក់ក្នុងការគ្រប់គ្រង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺមិនដូចអ្វីដែលអ្នកដទៃមើលមកកម្ពុជាពីចម្ងាយនោះទេ»។ លោកស្រី អ៉ីវ៉ា ង្វៀនប៊ិញ ក៏បានសម្តែងនូវការអបអរសាទរជូនសម្តេចតេជោ ក៏ដូចជារាជរដ្ឋាភិបាល ដែលទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ លោកស្រី ក៏បានគូសរំលេចផងដែរថា ពីការផ្តល់វ៉ាក់សាំងជូនជនបរទេសនៅកម្ពុជា។ លោកស្រីចាត់ទុកការចាក់វ៉ាក់សាំងជូនជនបរទេសទាំងអស់នៅកម្ពុជា គឺជាសណ្តានចិត្តមនុស្សធម៌របស់កម្ពុជាដែលរាល់ស្ថានទូតទាំងអស់បានទទួលស្គាល់ និងបានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា។ ពាក់ព័ន្ធនឹងការងារចាក់វ៉ាក់សាំងនេះ សម្តេចតេជោ បានជម្រាបលោកស្រីឯកអគ្គរដ្ឋទូតថា យុទ្ធសាស្ត្ររបស់កម្ពុជា គឺផ្តល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋគ្រប់គ្នា ហើយគ្រប់មនុស្សដែលរស់នៅកម្ពុជាមិនថាជាជនជាតិខ្មែរ ឬជនជាតិបរទេសនោះទេ។ សម្តេចតេជោ បានបញ្ជាក់ថា នេះគឺជាជម្រើសចុងក្រោយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលបារាំង…