សម្តេចតេជោ ហ៊ុន សែន គាំទ្រសំណើរុស្ស៉ី ក្នុងការដំឡើងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៉ី ទៅជាដៃគូសន្ទនាយុទ្ធសាស្ត្រ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការគាំទ្រទាំងស្រុងចំពោះសំណើរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌឺមៀ ពូទីន ក្នុងការដំឡើងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៉ី ឲ្យទៅជាដៃគូសន្ទនាយុទ្ធសាស្ត្រ។ ការគាំទ្ររបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៉ីលើកទី៣ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ កិច្ចប្រជុំដ៏សំខាន់មួយនេះ មានការយាង និងអញ្ជើញចូលរួមពីមេដឹកនាំអាស៊ានទាំង១០ និងលោកប្រធានាធិបតីរុស្ស៉ីផងដែរ។ បណ្តាមេដឹកនាំអាស៊ានបានចាត់ទុកថា វត្តមានប្រធានាធិបតីរុស្ស៉ី មិនត្រឹមតែឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រុស្សី ចំពោះទំនាក់ទំនងអាស៊ាន-រុស្សី ប៉ុណ្ណោះទេ ប៉ុន្តែបានរឹតចំណងទាក់ទងឲ្យកាន់តែស្អិតរមួត និងស៊ីជំរៅថែមទៀត។ ថ្លែងបទអន្តរាគមន៍ទៅកាន់បណ្តាមេដឹកនាំអាស៊ាន-រុស្សី សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឲ្យកត់សំគាល់ នៃកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៉ី។ ជាពិសេសបន្ទាប់ពីការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្សី កាលពីឆ្នាំ២០១៦ នៅទីក្រុសូឈី សហព័ន្ធរុស្ស៉ី។ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញភាគីទាំងពីរខិតខំបន្ថែមទៀត ដើម្បីសម្រេចបានតាមផែនការសកម្មភសាពគ្រប់ជ្រុងជ្រោយអាស៊ាន-រុស្សី ឆ្នាំ២០១៦-២០២០ ដើម្បីបង្កើនល្បឿន និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែស៊ីជម្រៅថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ដែរថា គួររៀបចំឲ្យមាននូវកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំអាស៊ាន និងរុស្ស៉ី ឲ្យបានទៀងទាត់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្សី ឲ្យកាន់តែស៊ីជំរៅ។…