FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញអ្នកវិនិយោគវៀតណាមឲ្យមកស្វែងរកឱកាសវិនិយោគ ក៏ដូចជាវិនិយោគនៅកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងផ្តល់ការយកចិត្តទុកដាក់ ជាមួយការបង្កបរិយាសល្អប្រសើរជាច្រើនសម្រាប់អ្នកវិនិយោគបរទេស។
ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-កម្ពុជា ដែលប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ។ វេទិកានេះ ក៏មានការអញ្ជើញចូលរួមពីនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក ព្រមទាំងមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសទាំងពីរ ព្រមទាំងធុរកិច្ចជនប្រទេសទាំងពីរជាច្រើនរូបទៀត។
ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវយ៉ាងដូច្នេះ «ខ្ញុំសូមអំពាវនាវដល់អ្នកវិនិយោគវៀតណាមដែលមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបតិ្តការទ្វេភាគីរវាងវៀតណាម និងកម្ពុជា»។
«ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានប្រកបដោយភាពអំណោយផល ជាពិសេស គឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន»។ នេះជាការអះអាងបន្ថែមរបស់សម្តេចតេជោ ដើម្បីជាការផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគរបស់វៀតណាម។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបង្ហាញពីសក្តានុពល និងឧត្តមភាពនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។ បើតាមសម្តេចតេជោ ហ៊ុន សែន មានចំណុចសំខាន់ៗចំនួន៦ ដែលជាសក្តានុពលខ្ពស់សម្រាប់អ្នកវិនិយោគវៀតណាមចាប់យកឱកាសវិនិយោគនៅកម្ពុជា។ ចំណុចសំខាន់ទាំង៦នោះរួមមាន៖
ទី១៖ ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។
ទី២៖ កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា «រោងចក្រនៃអាស៊ី» ហើយម្យ៉ាងទៀតកម្ពុជាក៏ស្ថិតនៅចំណុចកណ្តាលនៃតំបន់មេគង្គ ដែលជាតំបន់មានកំណើនសេដ្ឋកិច្ច និងការតភ្ជាប់ខ្ពស់ជាងគេ។
ទី៣៖ កម្លាំងពលកម្មដែលមានភាពសម្បូរបែបនិងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុត្រឹម ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ ៧២ភាគរយ នៃចំនួនប្រជាជនសរុប គួបផ្សំនឹងការកើនឡើងនៃចំនួនប្រជាជនដែលមានចំណូលមធ្យមនិងជាវណ្ណៈកណ្តាលនឹងបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជា។
ទី៤៖ កម្ពុជាបានបើកចំហសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេសនោះទេ។
ទី៥៖ ទំនិញផលិតនៅកម្ពុជា មិនមែនផ្គត់ផ្គង់សម្រាប់តែទីផ្សារនៅកម្ពុជាដែលមានប្រជាជនប្រមាណតែជាង ១៥លាននាក់ប៉ុណ្ណោះនោះទេ ប៉ុន្តែអាចផ្គត់ផ្គង់ទៅក្នុងទីផ្សារអនុតំបន់មេគង្គដែលមានអតិថិជនប្រមាណ ២៥០លាននាក់, ទីផ្សារអាស៊ានដែលមានអតិថិជនប្រមាណ ៦៣០លាននាក់, និងទីផ្សារនៅក្នុងតំបន់នៃ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP) ដែលមានអតិថិជនប្រមាណ ៣ប៊ីលាននាក់ ព្រមទាំងលទ្ធភាពចូលទីផ្សារធំដទៃទៀតក្នុងពិភពលោក។
ទី៦៖ កម្ពុជា និងវៀតណាមបានចុះកិច្ចព្រមព្រៀងស្តីពីការជៀងវាសការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពាក់ព័ន្ធនិងពន្ធលើប្រាក់ចំណូល នៅថ្ងៃទី៣១ មីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ។
សូមបញ្ជាក់ថា ពាណិជ្ជកម្មសរុបរវាងកម្ពុជា និងវៀតណាម ក្នុងឆ្នាំ២០១៧ សម្រេចបានចំនួនប្រមាណ ២,១៣ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣០% ធៀបនឹងឆ្នាំ២០១៦។ ការវិនិយោគផ្ទាល់ពីវៀតណាម រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនវៀតណាមចំនួន ៧៥គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៤ ពាន់លានដុល្លារអាមេរិក ដែលផ្តោតសំខាន់លើវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ៕