ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ចុះពិនិត្យសាលាចំនួន៦កន្លែង ផ្តល់អគារសិក្សា១៥ខ្នង ស្មើនឹង១៩៦បន្ទប់ ជូនគ្រូៗសិស្សានុសិស្ស ក្នុងខេត្តព្រះសីហនុ
FN ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងឱកាសដែលអញ្ជើញ ដង្ហែព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី និងសម្តេចម៉ែ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ មកឆ្លងឆ្នាំ ចាស់ចូលឆ្នាំសកលថ្មី២០១៧ នៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លៀតអញ្ជើញចុះសួរសុខទុក្ខ លោកគ្រូអ្នកគ្រូ ក្មួយៗ ចៅៗ សិស្សានុសិស្សនៅសាលាចំនួន៦ នៅក្នុងខេត្តព្រះសីហនុ ដោយបានផ្តល់អគារសិក្សា ទីចាត់ការ និងអគារស្នាក់នៅសម្រាប់គ្រូៗ ចំនួន១៥ខ្នង ស្មើនឹង១៩៦បន្ទប់ រួមទាំងជួលជុលទីធ្លាសាលា តារាងបាល់ទាត់ និងឧបត្ថម្ភដំណើរកម្សាន្តផងដែរ។ សាលាទី១៖ សាលាករុកោសល្យ និងវិក្រឹតកា ខេត្តព្រះសីហនុ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅទីនោះសម្តេចតេជោ បានផ្តល់ជូនអគារសិក្សាថ្មី១ខ្នង កំពស់៤ជាន់ ស្មើនឹង៣២បន្ទប់, ទីចាត់១ខ្នងមាន៣បន្ទប់, អគារស្នាក់នៅរបស់សិស្ស១ខ្នង កំពស់២ជាន់ មាន១០បន្ទប់, ផ្ទះគ្រូ១ខ្នងកំពស់២ជាន់ មាន១០បន្ទប់ រួមទាំងធ្វើក្លោងទ្វារសាលា តារាងបាល់ទាត់…