FN ៖ នៅមុននេះបន្តិចនាវេលាថ្ងៃត្រង់ទី០៦ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវឲ្យចូលរួមគាំទ្រលើកស្ទួយវិស័យកងទ័ពជាតិ ឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត និងចូលរួមបរិច្ចាគរៃអង្គាសមូលនិធិ ដើម្បីរួមចំណែកជួយដល់បងប្អូនអតីតយុទ្ឋជនកម្ពុជា សូមចូលរួមឲ្យបានច្រើនកុះករ នៅក្នុងពិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ នៅស្ពាតអូឡាំពិក។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញខ្លឹមសារតាមរយៈ Facebook យ៉ាងដូច្នេះថា៖ «អបអរសាទរទិវាជ័យជំនះ ៧មករា និងកីឡាយោធពល ខេមរភូមិន្ទ ២០១៧ ! សូមជនរួមជាតិជាពិសេសយុវជនចូលរួមឲ្យបានច្រើនកុះករ នៅក្នុងពិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ នៅកោះពេជ្រ។ នៅរសៀលម៉ោង៥៖០០នាទីថ្ងៃនេះ គឺនឹងមានការប្រគុំតន្រ្តី និងតាំងពិពរណ៌កងទ័ព និងតាំងពិពរណ៍មហាជន បើកជូនសាធារណៈទស្សនាផងដែរ។ កម្មវិធីនេះគឺនឹងបន្តរហូតដល់ថ្ងៃទី៨ ខែមករា ២០១៧»។
បន្ថែមពីលើនោះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវថា៖ «សូមយើងចូលរួមគាំទ្រលើកស្ទួយវិស័យកងទ័ពជាតិឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត និងចូលរួមបរិច្ចាគរៃអង្គាសមូលនិធិ ដើម្បីរួមចំណែកជួយ ដល់បងប្អូនអតីតយុទ្ឋជនកម្ពុជា។ កម្ពុជាយើងកាន់តែរីកចម្រើន នៅក្រោមម្លប់សន្តិភាព»៕