ទង់ជាតិកម្ពុជានៅ UN ! ប្រមុខដឹកនាំការទូតកម្ពុជា ថ្លែងប្រាប់ពិភពលោកថា ការជ្រើសរើសផ្លូវដើរតាមការកំណត់របស់ប្រទេសលោកខាងលិចមួយចំនួន ធ្វើឲ្យកម្ពុជាធ្លាក់ទៅក្នុងគ្រោះមហន្តរាយដ៏អាក្រក់
FN ៖ ថ្លែងជា២ភាសាទាំងអង់គ្លេសនិងបារាំង ចេញពីទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ទីដែលអង្គការសហប្រជាជាតិរៀបចំមហាសន្និបាត, ប្រមុខដឹកនាំ ការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានថ្លែងប្រាប់ពិភពលោកថា ការជ្រើសរើសផ្លូវដើរតាមការកំណត់របស់ប្រទេសលោកខាងលិចមួយចំនួន ធ្វើឲ្យកម្ពុជាធ្លាក់ទៅក្នុងគ្រោះមហន្តរាយដ៏អាក្រក់។ ប្រមុខដឹកនាំបរទេសកម្ពុជា បានសង្កត់ធ្ងន់ថា បញ្ហាសិទ្ធិ ប្រជាធិបតេយ្យគ្រាន់តែជាលេសមួយដើម្បីបរទេសលូកដៃ ចូលកិច្ចការផ្ទៃរបស់កម្ពុជា ធ្វើឲ្យប្រទេសធ្លាក់ ចូលគ្រោះមហន្តរាយ។ «ប្រវត្តិសាស្ត្របានបង្រៀនកម្ពុជាថា ការជ្រើសរើសផ្លូវដើរតាមការកំណត់របស់ប្រទេសលោកខាងលិចមួយចំនួន ធ្វើឲ្យកម្ពុជាធ្លាក់ទៅក្នុងគ្រោះមហន្តរាយដ៏អាក្រក់ ហើយការអនុវត្តខ្លះពីខាងក្រៅ ជារឿយៗបានក្លាយទៅជាបញ្ហា មិនមែនជាដំណោះស្រាយនោះទេ» នេះជាការលើកឡើងរបស់លោក ប្រាក់ សុខុន។ (សូមស្តាប់ការថ្លែងរបស់លោកនៅខាងក្រោម) លោក ប្រាក់ សុខុន បានថ្លែងរយៈពេលជាង១៦នាទី កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅថ្មីៗ បានគូសបញ្ជាក់ច្បាស់ៗថា បញ្ហាសិទ្ធិប្រជាធិបតេយ្យ គ្រាន់តែជាលេសមួយដើម្បីបរទេសលូកដៃ ចូលកិច្ចការផ្ទៃរបស់កម្ពុជា ធ្វើឲ្យប្រទេសធ្លាក់ចូលគ្រោះមហន្តរាយ។ រដ្ឋមន្ដ្រីក្រសួងការបរទេសខ្មែរ បានលើកឡើងថា ថ្មីៗនេះកម្ពុជាត្រូវរងការវាយប្រហារដោយសារតែ ខ្លួនបិទវិទ្យាស្ថានអន្ដរជាតិមួយដែលមានចេតនាគាំទ្របក្សប្រឆាំងនិងរំលោភច្បាប់, ប្រាប់ឲ្យកាសែតបង់ពន្ធជូនរដ្ឋ និងចាប់ខ្លួនមន្ដ្រីបក្សប្រឆាំងម្នាក់ដែលសារភាពថា បានទទួលការបណ្ដុះបណ្ដាលពីមហាអំណាច ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ ចំពោះរឿងអស់នេះ លោករដ្ឋមន្ដ្រីចោទសួរថា តើរដ្ឋាភិបាលប្រទេសណា ដែលអត់ឱនឲ្យនោះ?…