FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផល និងលើកទិសដៅការងារថ្មីរបស់ក្រសួងទេសចរណ៍ ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញប្រគល់ជយលាភីដល់ក្រុង និងខណ្ឌ ដែលជាប់ជាទីក្រុងស្អាតផងដែរ។ ខេត្ត-ខណ្ឌដែលទទួលបានជយលាភីផ្ការំដួល៣ទងនោះ រួមមាន៖ខេត្តកំពត ព្រះសីហនុ សៀមរាប កែប កំពង់ចាម ខណ្ឌដូនពេញ និងបាត់ដំបង។ សូមបញ្ជាក់ថា ទេសចរណ៍ជាវិស័យដ៏អាទិភាពមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញលើវិស័យនេះ។ នៅឆ្នាំ២០១៧កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរ ៥.៦លាននាក់។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ដៃគូទាំងអស់ ដែលបានចូលរួមជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នៅឆ្នាំ២០២០ នឹងទទួលបានភ្ញៀវទេសចរ ៧លាន បង្កើតបានប្រាក់ចំណូល ៥ពាន់លានដុល្លារ និងផ្តល់ការងារដោយផ្ទាល់ជិត ១លាននាក់ ហើយនៅឆ្នាំ២០៣០ នឹងទទួលបានភ្ញៀវ ១៥លាននាក់ រកប្រាក់ចំណូល ១០ពាន់លានដុល្លារ និងបង្កើតការងារដោយផ្ទាល់បានប្រមាណ ២លាននាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខ ជាធាតុដ៏សំខាន់សម្រាប់ធានាបានថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ។ ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន បានប្រកាសប្តេជ្ញាប្រឆាំងដាច់ខាតរាល់សកម្មភាពទាំងឡាយ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់របស់កម្ពុជាទោះក្នុងតម្លៃណាក៏ដោយ។
* សម្តេចតេជោ បានថ្លែងថា គ្មានអ្នកទេសចរណាទៅលេងកម្សាន្តនៅប្រទេសដែលមានសង្គ្រាមនោះឡើយ។ សម្តេចបានបញ្ជាក់ទៀតថា កម្ពុជាបានឈឺចាប់ឆ្អែតឆ្អន់ ហើយដោយសារភ្លើងសង្គ្រាម។ សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា មិនត្រឹមតែទប់ស្កាត់ភេរវកម្មនោះទេ សូម្បីតែចោរកម្មនៅតាមតំបន់ទេសចរណ៍ក៏ត្រូវទប់ស្កាត់ផងដែរ។
* សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ប្រទេសដទៃជាតិសាសន៍ដទៃគេមិនសប្បាយចិត្តជាមួយយើង តែជាតិសាសន៍របស់គេមិនមកលំបាកជាមួយកម្ពុជានោះទេ។
* សម្តេចតេជោ មានសុទិដ្ឋិនិយមថា ភ្ញៀវទេសចរនឹងមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត នៅពេលមានការវិនិយោគលើវិស័យទេសចរណ៍កាន់តែច្រើន ជាពិសេសការតភ្ជាប់ផ្លូវនៅតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក…។
* សម្តេចតេជោ ហ៊ុន សែន ជឿថា កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ជាមួយនឹងស្នាមញញឹមរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរ។
* សម្តេចតេជោ ហ៊ុន សែន បានចូលរួមអរសាទរទីក្រុងបាត់ដំបង ទីក្រុងកែប និងទីក្រុងសៀមរាប បានទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី១ ក៏ដូចជាទីក្រុងដែលទទួលបានជយលាភីទីក្រុងស្អាត។