សុន្ទរកថា និងសង្កថា ក្នុងពិធីទទួល-ប្រគល់វ៉ាក់សាំង Sinovac ២ លានដូស បន្ថែមទៀត ពីសាធារណរដ្ឋប្រជាមានិតចិន និងពិធីអបអរសាទរការផ្ដល់វ៉ាក់សាំង ដោយជោគជ័យរបស់ប្រទេសចិន ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងជុំទីមួយរបស់កម្ពុជា
ឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីរីករាយឥតឧបមាដោយបានមកចូលរួមដោយផ្ទាល់ក្នុង ពិធីអបអរសាទរការផ្ដល់វ៉ាក់សាំង ដោយជោគជ័យរបស់ប្រទេសចិន ចំពោះយុទ្ធនាការចាក់វ៉ាក់សាំង ជុំទីមួយរបស់កម្ពុជា។ ខ្ញុំក៏សូមសម្ដែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) បន្ថែមចំនួន ២ លានដូស នាថ្ងៃនេះ។ នៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈពេលជិតពីរឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យក ការចាក់វ៉ាក់សាំងជាវិធានការគន្លឹះ បន្ថែមលើវិធានការសំខាន់ៗដទៃទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ការពារសុខភាពសាធារណៈ និងជួយសង្រ្គោះអាយុជីវិតប្រជាជន។ ក្នុងស្មារតីនេះ កម្ពុជាបានចាត់ទុក វ៉ាក់សាំងជាទំនិញយុទ្ធសាស្រ្ត និងបានរៀបចំយុទ្ធសាស្រ្តទិញឲ្យបានគ្រប់គ្រាន់ និងឆាប់បំផុត ដើម្បីចាប់ផ្ដើមចាក់វ៉ាក់សាំងជូនដល់ប្រជាជន ដោយមិនរង់ចាំរហូតដល់ពេលមានការបែងចែកទូលំទូលាយជាសកលនោះទេ។ ដើម្បីសម្រេចបាននូវយុទ្ធសាស្រ្តនេះ កម្ពុជាបានជ្រើសយកចិនជាបង្អែកយុទ្ធសាស្រ្តសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង។ ការសម្រេចចិត្តដ៏ត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលានេះ ធ្វើឲ្យកម្ពុជាទទួលបាននូវបរិមាណវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយចាប់ផ្ដើមពីមន្រ្តី និងកងកម្លាំងបម្រើសេវាជួរមុខ បន្ទាប់មកប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង…