FN ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ បានស្នើឲ្យបណ្តាស្ថាប័ន-កងឯកភាព ចំណុះកងទ័ពជើងគោក បន្តយកចិត្តទុកដាក់ និងត្រៀមលក្ខណៈអនុវត្តគ្រប់ភារកិច្ច ទាំងកិច្ចការងារស្នូល និងភារកិច្ចនានា តាមបទបញ្ជារបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន។
ការស្នើបែបនេះ ក្នុងឱកាសដែលឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីប្រជុំឆ្លងរបាយការណ៍ បូកសរុបលទ្ធផលការងារយោធា-សន្តិសុខ ឆ្នាំ២០២២ និងលើកទិសដៅបន្ត ឆ្នាំ២០២៣ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាបញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងទ័ពជើងគោក ដែលពេញមួយឆ្នាំ២០២២កន្លងទៅនេះ បានខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទី-ភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរ ស្របតាមផែនការដែលបានដាក់ចេញ ក៏ដូចជាការឆ្លើយតបបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះស្ថានការណ៍ជាយថាហេតុផ្សេងៗ រួមមាន ការបន្តចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាដើម។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ស្នាដៃ និងសមិទ្ធផលការងារដែលសម្រេចបានមកនេះ គឺពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញអំពីឆន្ទៈ មនសិការ និងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងយោធិនយើង ក្នុងការតស៊ូប្រឹងប្រែងបំពេញ តួនាទី-ភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជន ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់នយោបាយការពារជាតិ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយមិនគិតពីការនឿយហត់ និងប្រកបដោយស្មារតីទទួលខុសត្រូវ រួមផ្សំនឹងគំនិតច្នៃប្រឌិតទៅតាមសភាពការណ៍ជាក់ស្តែងចំពោះមុខ។
ជាទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមឲ្យបណ្តាស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោកទាំងអស់ បន្តយកចិត្តទុកដាក់ និងត្រៀមលក្ខណៈអនុវត្តគ្រប់ភារកិច្ច ទាំងកិច្ចការងារស្នូល និងភារកិច្ចនានា តាមបទបញ្ជារបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ជាអាទិ៍៖ ការត្រៀមបម្រុងកម្លាំង មធ្យោបាយ និងសម្ភារ សម្រាប់ប្រតិបត្តិការ ជួយសង្គ្រោះគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ ព្រមទាំងការសហការចូលរួមការពារសន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសខណៈដែលឆ្នាំ២០២៣នេះ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games 2023 នៅក្នុងខែឧសភា និងមិថុនា ក៏ដូចជាការរៀបចំការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងខែកក្កដា ខាងមុខ៕