សុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកលនៃវេទិកាវិនិយោគពិភពលោក ក្រោមប្រធានបទ៖ទស្សនវិស័យវិនិយោគរបស់កម្ពុជា ក្នុងយុគសម័យសាកលភាវូបនីយកម្ម
ឯកឧត្តមបណ្ឌិត មូគីសា គីទូយី អគ្គលេខាធិការ នៃសន្និសីទអង្គកាសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ ឯកឧត្តម ប្រមុខរដ្ឋ /រដ្ឋាភិបាល នៃបណ្ដាប្រទេសដែលមានវត្ដមានទីនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយ ដោយបានចូលរួមក្នុងកិច្ចប្រជុំកំពូលអ្នកវិនិយោគសាកលនៃវេទិកាវិនិយោគពិភពលោកឆ្នាំ ២០១៨ ដើម្បីចែករំលែកចក្ខុវិស័យដើម្បីអនាគតយើង។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់អគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ និងរដ្ឋាភិបាលស្វ៊ីស ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅដល់រូបខ្ញុំ និងគណៈប្រតិភូកម្ពុជា។ ខ្ញុំសូមថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះកិច្ចពិភាក្សានានា និងអនុសាសន៍ល្អៗជាច្រើន តាមរយៈបទអន្ដរាគមន៍មុនៗ ទាក់ទងនឹងការវិនិយោគក្នុងយុគសម័យថ្មីនៃសាកលភាវូបនីយកម្ម ដែលមានសារៈសំខាន់ជាខ្លាំងសម្រាប់ ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសនិមួយៗ ក្នុងតំបន់ និងពិភពលោកទាំងមូល។ ដោយសារកម្ពុជាធ្លាប់បានរួមវិភាគទានមួយចំនួនដល់ការអភិវឌ្ឍពាណិជ្ជកម្ម និងការវិនិយោគ ក្នុងក្របខណ្ឌតំបន់ និងសកល ខ្ញុំសូមចូលរួមចែករំលែកអំពីគោលនយោបាយវិនិយោគ និងអភិវឌ្ឍរបស់កម្ពុជាដូចខាងក្រោម៖ កម្ពុជាគាំទ្រពេញទំហឹង និងផ្ដល់អាទិភាពខ្ពស់ ចំពោះគោលនយោបាយសាកលភាវូបនីយកម្ម ដែលប្រកាន់ខ្ជាប់ដោយប្រទេសភាគច្រើននៅក្នុងសកលលោក។ ប៉ុន្ដែ ពិភពលោកបច្ចុប្បន្នកំពុងប្រឈមបញ្ហាជាច្រើនទាំងក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម និងអន្ដោប្រវេសន៍ បណ្ដាលមកពីការប្រែប្រួលភូមិសាស្រ្ដនយោបាយ ស្របគ្នានឹងនិន្នាការគាំពារនិយមក្នុងបណ្ដាប្រទេសរីកចំរើនជឿនលឿនខ្លះ ដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិយាកាសវិនិយោគសកល និងធ្វើឲ្យថមថយការវិនិយោគផ្ទាល់ពីបរទេស ទៅកាន់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។…