FN ៖ នៅរយៈពេល៦ខែដំបូង ឆ្នាំ២០១៩នេះ កម្ពុជាអនុញ្ញាតឱ្យបង្កើតគម្រោងវិនិយោគថ្មីចំនួន១៥៣ ក្រោមទុនវិនិយោគ៥១៨១ លានដុល្លារអាមេរិក ដែលគម្រោងនេះបានបង្កើតការងារចំនួន ១៦៧៣៣០កន្លែង។ នេះបើយោងតាមរបាយការណ៍ត្រូវបានបង្ហាញដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅក្នុងសន្និសីទ នាព្រឹកថ្ងៃទី០១ ខែសីហានេះ។
យោងតាមរបាយការណ៍នេះ បានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈគណៈកម្មការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានសម្រេចឯកភាពលើគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មសរុបមាន ១៥៣គម្រោង ក្នុងនោះគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេស មាន ១១០គម្រោង និងគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ៤៣គម្រោង។ ចំនួនទឹកប្រាក់សរុបមានជាង ៥១៨១លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានជាង ១៦៧៣៣០កន្លែង។
បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ គឺមានចំនួន១០៥គម្រោង ក្នុងនោះគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេសមាន ៧៤គម្រោង និងគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ៣១គម្រោង។ ក្នុងឆមាសទី១ ឆ្នាំ២០១៨ ទឹកប្រាក់វិនិយោគសរុបមានជាង ៣៥០០លានដុល្លារអាមេរិក៕