សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី
ប្រជុំលើរបៀបវារៈ ៣ ថ្ងៃនេះគណៈរដ្ឋមន្រ្តីរបស់បានដំណើរការប្រជុំពេញអង្គ ដើម្បីឆ្លងនូវរបៀបវារៈ (១) សេចក្ដីព្រៀងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ (២) សេចក្ដីព្រៀងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ (៣) បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីការអនុម័តពីស្ថាប័ននីតិបញ្ញត្តិ លើសេចក្ដីព្រៀងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្ដីពីការពង្រឹងយន្តការដោះស្រាយវិវាទ។ ដូចមុនៗដែរ បញ្ហាផ្សេងៗនេះ មិនមានការពិភាក្សាទាក់ទិនជាមួយនឹងការអនុម័តលើពិធីសារអាស៊ាននេះទេ។ ខ្ញុំសុំគណៈរដ្ឋមន្រ្តីចុះហត្ថលេខាបញ្ជូនទៅសភាតែម្ដង។ ក្នុង សប្ដាហ៍នេះ គឺមានកិច្ចការច្រើន។ អាទិត្យក្រោយនេះ ជាមួយនឹងការប្រជុំសភា ដើម្បីឆ្លងនូវការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ការបោះឆ្នោតបំពេញបន្ថែមសមាជិករាជរដ្ឋាភិបាល យើងនឹងមានការប្រជុំអាស៊ានចំនួន ៣ ថ្ងៃ ដែលពេលនោះកម្ពុជានឹងទទួលញញួរជាប្រធានអាស៊ានផងដែរ។ បើតាមដឹង ញញួរនេះបានដឹកមកដល់ទីក្រុងភ្នំពេញហើយ ព្រោះមិនអាចបញ្ជូនតាមអនឡាញបានទេ។ ត្រូវតែបញ្ជូនមកមុន (ដើម្បីប្រុងប្រៀប)ក្នុងភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ ២០២២។ ដំណើររៀនរស់នៅជាមួយកូវីដ-១៩ … រៀបចំកម្មវិធីដែលបានលុបចោលពីមុនៗ ចូលដល់ខែវិច្ឆិកា យើងក៏មានកិច្ចការបន្តទៀត។ ខ្ញុំក៏សូមជម្រាបថា ដោយសារការត្រៀមបម្រុងរបស់យើងក្នុងដំណើររៀនរស់នៅជាមួយកូវីដ-១៩ យើងត្រូវធ្វើកិច្ចការផ្ទាល់ ដូចជាការប្រជុំរបស់យើងនេះ។ លទ្ធភាពនៃការ(រៀបចំ)ប្រជុំទៅបាន គឺយើងប្រជុំផ្ទាល់ ហើយលទ្ធភាពដែលយើងប្រជុំមិនបាន គឺយើងប្រជុំតាម Zoom។ ក្នុងអាទិត្យនេះ ខ្ញុំប្រជុំតាម Zoom ពីរដង…