សេចក្តីដកស្រង់សង្កថា ពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្ត
ធនធានមនុស្សមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមចែកសញ្ញាបត្រ ចំពោះជ័យលាភីនៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។ ខ្ញុំពិតជាមានការរីករាយដោយសារធនធានមនុស្សរបស់យើង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការកើនឡើង តាមរយៈការខិតខំរួមរបស់យើងទាំងអស់គ្នា។ កាលពីដើមអាទិត្យនេះ ខ្ញុំក៏បានចូលរួមចែកសញ្ញាបត្រសម្រាប់សាកលវិទ្យាល័យបញ្ញាជាតិ។ ថ្ងៃនេះ គឺយើងចែកសញ្ញាបត្រសម្រាប់និស្សិត ៣ កម្រិត៖ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់និស្សិត ១.៦៩៤ នាក់។ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យបានធ្វើរបាយការណ៍អម្បាញ់មិញ ពីវឌ្ឍនភាពដែលបានកើតឡើងពេលកន្លងទៅនេះ ក្នុងនោះរាប់ទាំងការបណ្តុះបណ្តាល ក៏ដូចជាការចុះធ្វើសកម្មភាពមនុស្សធម៌របស់សាកលវិទ្យាល័យ។ ខ្ញុំសង្ឃឹមថា យើងបន្តដំណើរនេះតទៅទៀត តាមរយៈការលើកកម្ពស់គុណភាពនៃកម្រិតឧត្តមសិក្សា។ យើងធ្វើទាំងព្រម ធ្វើលើកម្រិតតាំងពីបឋម មធ្យម និងថ្នាក់ឧត្តម របស់យើងនេះ។ ដូចដែលបានដឹងហើយថា ម្សិលមិញក៏មានការជួបសិស្សនិទ្ទេស A ដែលអមដំណើរមកទាំងក្រុមគ្រួសារ ដើម្បីទទួលបាននូវការលើកទឹកចិត្ត ជាមួយនឹងសិស្សជាង ៥ ម៉ឺននាក់ទៀត ដែលបានប្រឡងជាប់នៅក្នុងឆ្នាំនេះ ដែលមានអត្រារហូតទៅដល់ ៦២% មកប្រៀបធៀបទៅនឹងរយៈពេលនៃកំណែទម្រង់ដំបូងរបស់យើងដែលមានអត្រាជាប់ត្រឹមតែជាង ៤០% បន្តិច។ ខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ដែលបានខិតខំនៅក្នុងការបណ្តុះបណ្តាលនិស្សិតនៅទីនេះ ហើយក៏មានសល់នៅនិស្សិតមួយចំនួនផ្សេងទៀត ដែលកំពុងបន្តការសិក្សា។ សូមអរគុណទៅដល់សាកលវិទ្យាល័យដែលបានជួយសម្រាប់អាហារូបករណ៍ចំពោះខ្ញុំ ហើយដែលក្នុងនោះ ក៏បានផ្តល់ឲ្យនិស្សិតដែលគ្មានលទ្ធភាពបានចូលសិក្សានៅក្នុងនេះផងដែរ។ កោតសរសើរដល់និស្សិត និងគ្រួសាររបស់និស្សិតជ័យលាភី ខ្ញុំក៏សុំយកឱកាសនេះ…