កម្ពុជានាំចេញអង្ករបានជិត២៦ម៉ឺនតោន នៅរយៈពេល៥ខែដំបូងដើមឆ្នាំ២០១៧នេះ កើនឡើង១០%
FN ៖ តួលេខនាំចេញអង្ករផ្លូវការ របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារបរទេសបានជិត២៦ម៉ឺនតោន។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា រយៈពេល៥ខែ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករចំនួន ២៥៧,៦៣៧តោន កើន១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ដែលមានចំនួនត្រឹម២៣៤,៣២៨តោន។ យោងតាមទិន្នន័យរបស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ប្រទេសដែលកម្ពុជានាំចេញអង្ករបានច្រើនជាងគេ គឺប្រទេសចិនចំនួនជិត៩ម៉ឺនតោន, ប្រទេសបារាំងជាង៣ម៉ឺនតោន និងប្រទេសប៉ូឡូញជាង២ម៉ឺនតោន។ សូមជម្រាបថា អង្កររបស់កម្ពុជាបាននាំចេញ ទៅកាន់ប្រទេសជិត៦០ប្រទេសនៅលើពិភពលោក ខណៈក្រុមហ៊ុននាំចេញអង្ករមានចំនួនជាង៧០ក្រុមហ៊ុន។ ឆ្នាំ២០១៦ កម្ពុជាបាននាំចេញអង្ករចំនួនជាង៥៤ម៉ឺនតោន៕