ប្រសាសន៍ ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី ១
ជាថ្មីម្តងទៀត ខ្ញុំនិងភរិយា មានការរីករាយដែលបានមកចូលរួមបិទការប្រកួតកីឡាជាតិលើកទី ១ បន្ទាប់ ពីបានមកចូលរួមបើកកាលពីថ្ងៃទី ២៨ ខែ តុលា កន្លងទៅ។ ក្នុងឱកាសនេះ ខ្ញុំ និងភរិយា សូមកោតសសើរចំពោះកិច្ចសហការ ការខិតខំប្រឹងប្រែងទំាងអស់ ក្នុងរយៈពេលកន្លងមក ពីការរៀបចំការប្រព្រឹត្តទៅយ៉ាងរលូន និងល្អប្រសើរ ធ្វើឲ្យគោលបំណង និងគោលដៅនៃការរៀបចំការប្រកួតកីឡាជាតិសម្រេចបានផ្លែផ្កាយ៉ាងត្រចះត្រចង់។ មិនថាចាញ់ ឬឈ្នះ ត្រូវបន្តហ្វឹកហាត់បន្ថែម តាមរយៈរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មការអូឡាំពិកកម្ពុជា ក៏បានបង្ហាញឲ្យឃើញអំពីការខិតខំយកចិត្តទុកដាក់ ទៅលើការរៀបចំប្រកួតលើកទី ១ របស់យើងនេះ។ នៅក្នុងឱកាសនេះ ខ្ញុំសូមថ្លែងនូវការវាយតម្លៃខ្ពស់ចំពោះកីឡាករ/ការិនីទំាងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការប្រកួតនាពេលកន្លងទៅ។ ខ្ញុំសង្ឃឹមថា កីឡាករ កីឡាការិនីរបស់យើងទំាងអស់ ទោះបីអ្នកឈ្នះ ឬអ្នកចាញ់ ក៏មិនមែនជាទីបញ្ចប់ នៃអាជីពជាអ្នកកីឡារបស់យើងនោះទេ។ សង្ឃឹមថា អ្នកឈ្នះនឹងបន្តហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាពឈានទៅរកជ័យជំនះបន្ថែមទៀតក្នុងកម្រិតថ្នាក់ជាតិក្តី តំបន់ក្តី និងអន្តរជាតិក្តី។ សម្រាប់អ្នកដែលមិនទាន់ឈ្នះ សង្ឃឹមថានឹងបន្តខិតខំថែមទៀត ដើម្បីឈានទៅរកជ័យជំនះនៅពេលក្រោយៗទៀត។…