សម្តេចតេជោ ហ៊ុន សែន និងធុរកិច្ចជនអាមេរិក ចង់ឃើញទំនាក់ទំនងកម្ពុជា-អាមេរិកកាន់តែល្អប្រសើរ ដើម្បីពង្រីកសក្តានុពលវិនិយោគ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងធុរកិច្ចជនរបស់អាមេរិក បានបង្ហាញបំណង និងទស្សនៈទានដូចគ្នាចង់ឃើញទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក កាន់តែល្អប្រសើរ ដើម្បីពង្រីកសក្តានុពលពាណិជ្ជកម្ម និងវិនិយោគ។ បំណងចង់ឃើញភាពល្អប្រសើរនៃទំនាក់ទំនងរវាងកម្ពុជា-អាមេរិកនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាការងារមួយរវាងសម្តេចតេជោ ហ៊ុន សែន និងលោក អាឡេកសាន់ឌ័រ ហ្វេលមែន (Alexander Feldman) ប្រធាន និងជានាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ត្រូវបានគេមើលឃើញថា មានភាពរកាំរកូសច្រើនក្នុងមួយរយៈចុងក្រោយនេះ។ តែនៅក្នុងជំនួបសញ្ញាណវិជ្ជមាននៃភាពល្អប្រសើរលើទំនាក់ទំនងរវាងប្រទេសទាំងពីរហាក់បានបង្ហាញឡើង។ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន, លោក Alexander Feldman បានលើកឡើងថា លោកចង់ឃើញសហរដ្ឋអាមេរិក និងកម្ពុជាមានទំនាក់ទំនងក្នុងភាពល្អប្រសើរឡើងវិញ ពិសេសនៅពេលដែលអាមេរិកតែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជានៅពេលខាងមុខ ដែលជាឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកដែលជាអ្នកការទូតមួយរូបយល់ច្បាស់ពីអាស៊ីបូព៌ា។ ឆ្លើយតបការលើកឡើងនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់វិញថា សម្តេចផ្ទាល់ជាអ្នកខិតខំជំរុញការកសាងនូវទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ សម្តេចតេជោ បានបញ្ជាក់ទៀតថា កម្ពុជាចង់ធ្វើមិត្តដ៏ល្អជាមួយសហរដ្ឋអាមេរិក…