ជំនួបទ្វេភាគី ពង្រឹងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ
រសៀលថ្ងៃទី ២៣ មីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯឧ Li Keqiang នាយករដ្ឋមន្រ្តីចិន ដើម្បីពង្រឹងមិត្តភាព និងសហប្រតិបត្តិការ ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ សម្តេចតេជោ បានស្នើអោយមិត្តចិន ជួយពិនិត្យ និងសម្រេចអោយបានឆាប់នូវគម្រោងសាងសង់ពហុកីឡាដ្ឋានមរតកតេជោ និងមន្ទីរពេទ្យចំនួន ៣ ដែលមិត្តចិនបានយល់ព្រមរួចហើយ។ សម្តេចតេជោ បានស្នើសុំអោយមិត្តចិនជួយកសាងផ្លូវរថភ្លើងលឿន ពីភ្នំពេញទៅក្រុងព្រះសីហនុ និងព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប។ សម្តេចតេជោ សង្ឃឹមយ៉ាងមុតមាំថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងកើនឡើងដល់ ៥ ពាន់លានដុល្លារ នៅពេលដ៏ខ្លី ហើយស្នើអោយមិត្តចិនជួយផ្តល់លទ្ធភាពអោយបានទូលាយក្នុងការនាំផលិតផលកសិកម្ម ជាពិសេស អង្ករពីកម្ពុជាមកប្រទេសចិន។ នាយករដ្ឋមន្រ្តី Li Keqiang បានគាំទ្រដល់សំណើទាំងអស់ ហើយអះអាងថាភាគីចិននឹងពិនិត្យឯកសារគម្រោងអោយបានរហ័ស ដើម្បីអាចចាប់ដំណើរការសាងសង់ក្នុងពេលឆាប់ៗខាងមុខ ហើយសន្យាជួយគៀងគរ និងជំរុញអ្នកវិនិយោគទុនចិនអោយបណ្តាក់ទុននៅកម្ពុជា រួមទាំងការតម្លើងរោងចក្រប្រកបដោយបច្ចេកទេសខ្ពស់ ដើម្បីកម្ពុជាមានលទ្ធភាពផលិតទំនិញមានគុណភាព តាមស្តង់ដាអន្តរជាតិសម្រាប់នាំចេញទៅកាន់ប្រទេសចិន និងបណ្តាប្រទេសនានាក្នុងពិភពលោក។ ជាមួយគ្នានេះ ភាគីចិនពេញចិត្តក្នុងការចូលរួមជួយកម្ពុជា ធ្វើការថែរក្សា និងជួសជុលប្រាសាទព្រះវិហារអោយបានគង់វង្ស៕