សម្តេចតេជោ ហ៊ុន សែន ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម
នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញ ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសសម្ដេចតេជោ និងគណៈប្រតិភូចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំនៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ។ យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម តូ ឡឹម បានសម្ដែងនូវការស្វាគមន៍ចំពោះ សម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាមកកាន់ប្រទេសវៀតណាមនៅពេលនេះ។ ឯកឧត្តមក៏បង្ហាញនូវក្តីសប្បាយរីករាយដែលបានជួបជាមួយនឹងសម្ដេចតេជោសារជាថ្មី នៅក្នុងឱកាសថ្ងៃរំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម នៅក្នុងទីក្រុងហូជីមិញ។ ឯកឧត្តមបានលើកឡើងថា សម្ដេចតេជោ និងឯកឧត្តម តែងតែជួបគ្នាជាប្រចាំ និងចែករំលែកអំពីសភាពការណ៍នៃប្រទេសទាំងពីរ។ ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ក៏បានអរគុណរដ្ឋាភិបាលកម្ពុជាដែលបានបញ្ជូនកងទ័ពមកចូលរួមក្នុងព្យូហយាត្រាអបអរសាទរខួបលើកទី៥០ នៃការបង្រួបបង្រួមជាតិវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោអរគុណដល់ ឯកឧត្តមអគ្គលេខាធិការបក្សបក្សដែលបានអញ្ជើញសម្ដេចឲ្យចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យជាប្រវត្តិសាស្ត្ររបស់វៀតណាម និង បានអរគុណផងដែរចំពោះថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលព្រមទាំងប្រជាជនវៀតណាម ចំពោះការស្វាគមន៍និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះសម្ដេច…