សាររបស់សម្តេចតេជោលើហ្វេសប៊ុក អំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង និងបញ្ជាឲ្យអាជ្ញាធរ និងកងកម្លាំង ចុះជួយដល់ប្រជាពលរដ្ឋ
ដោយសារក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ គឺមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ទាំងនៅក្នុងទីក្រុង ភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។ ទន្ទឹមនឹងមានភ្លៀងធ្លាក់គឺមានខ្យល់ព្យុះ ខ្យល់កន្រ្តាក់ និងទឹក ជំនន់ ដែលបណ្តាលអោយជន់លិច និងដាច់ផ្លូវតាមតំបន់មួយចំនួន និងខូចខាតផ្ទះប្រជាពលរដ្ឋនៅតាម ខេត្តមួយចំនួនផងដែរ។ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ កុំបណ្តោយកូនចៅអោយទៅលេងទឹកនៅខាងក្រៅ តាមស្រះ តាមវាលស្រែ ក្រោមស្ពាន ឬតាមប្រឡាយទឹក ដែលអាចងាយមានគ្រោះថ្នាក់។ សូមបងប្អូនប្រជាពលរដ្ឋទំនាក់ទំនងមកអាជ្ញាធរ សមត្ថកិច្ច និងកាកបាទក្រហមជាបន្ទាន់នៅពេលត្រូវ ការជំនួយសង្រ្គោះបន្ទាន់ចាំបាច់នានា។ ទន្ទឹមនឹងនេះ សូមអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចជួយសម្រួល អោយកូនចៅប្រជាពលរដ្ឋបានទៅសាលារៀនដូចធម្មតា និងចុះជួយសាងសង់លំនៅដ្ឋានខូចខាត ជូន ប្រជាពលរដ្ឋយើងអោយមានជម្រករស់នៅធម្មតាឡើងវិញ៕