សម្តេចតេជោ ហ៊ុន សែន ដាក់ចេញសំណើ៥ចំណុច ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រទេសមហាអនុតំបន់មេគង្គ
FN ៖ ក្នុងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ ដែលធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកជាសំណើចំនួន៥ទៅអង្គប្រជុំឲ្យផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសមហាអនុតំបន់មេគង្គឲ្យកាន់តែល្អប្រសើរថែមទៀត។ នៅចំពោះមេដឹកនាំប្រទេមហាអនុតំបន់មេគង្គ៥ផ្សេងទៀត (ចិន ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា) សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ សម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងការធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ ភាពប្រកួតប្រជែង និងការកសាងនូវសហគមន៍តំបន់ដែលមានសុខសន្តិភាព វិបុលភាព និងសាមគ្គីភាព។ សម្តេចប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ដែរថា ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ ក៏ជាផ្នែកមួយនៃការតភ្ជាប់អាស៊ានផងដែរ ក្នុងគោលដៅកាត់បន្ថយគម្លាតអភិវឌ្ឍន៍ក្នុងតំបន់ លើកកម្ពស់សុខុមាលភាព និងជីវភាពរបស់ប្រជាជន និងប្រែក្លាយមហាអនុតំបន់មេគង្គទៅជាចំណុចស្នូលនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា កម្មវិធីសហប្រតិបត្តិការមហាអនុតំបន់មេគង្គ បាននិងកំពុងជួយដល់ប្រទេសជាសមាជិកទាំងអស់ ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ជាពិសេសការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គនេះ។ ទន្ទឹងនឹងជោគជ័យកើតចេញពីកិច្ចសហប្រតិបត្តិការនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានមើលឃើញពីបញ្ហាប្រឈមមួយចំនួនផងដែរ។…