FN ៖ បន្ទាប់ពីបញ្ចប់ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ នៅទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន, នៅវេលាម៉ោងប្រមាណ១រសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨នេះ ត្រូវនឹងម៉ោងប្រមាណ៣រសៀល ម៉ោងនៅជប៉ុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានធ្វើសន្និសិទសារព័ត៌មានរួមគ្នា នាទីក្រុងតូក្យូ ប្រមាណ១៥នាទី។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់មេដឹកនាំកំពូលទាំងពីរ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន៖
លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន,
* នាយករដ្ឋមន្រ្តីជប៉ុន សម្តែងភាពរីករាយ ដែលបានទទួលស្វាគមន៍ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុនលើកនេះ ដែលធ្វើឡើងចំខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
* នាយករដ្ឋមន្រ្តីជប៉ុន បានថ្លែងថា រយៈពេល២៥ឆ្នាំបានកន្លងផុតទៅហើយ បន្ទាប់ពីការរៀបចំការបោះឆ្នោតនៅកម្ពុជា ដែលធ្វើឡើងដោយអ៊ុនតាក់ (UNTAC)។ កម្ពុជាដែលទទួល កេរ្តិ៍ដំណែលអវិជ្ជមានដោយសារសង្រ្គាម បានពុះពារជាបន្តបន្ទាប់រហូតដល់មានការរីកចម្រើន អភិវឌ្ឍសេដ្ឋកិច្ចយ៉ាងពិតប្រាកដ។
* លោក អាបេ បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនជាបន្តបន្ទាប់
* លោក អាបេ បានថ្លែងបន្តថា ជប៉ុនបានអមដំណើរជាមួយកម្ពុជា ហើយជប៉ុនរំពឹងថា ប្រទេសកម្ពុជា នឹងបន្តរីកចម្រើនទៅមុខថែមទៀត ជាមួយនឹងដំណើរការប្រជាធិបតេយ្យ និងការសាមគ្គីរបស់ប្រជាពលរដ្ឋទាំងអស់។ យើងបានព្រមព្រៀងគ្នា សម្រាប់បន្តកិច្ចសហប្រតិបត្តិការលើគោលដៅនេះ។
* នាយករដ្ឋមន្រ្តី អាបេ បានថ្លែងថា តាំងចិត្តសហការជាមួយសម្តេចតេជោ ហ៊ុន សែន ដែលនឹងដឹកនាំកិច្ចប្រជុំនៅថ្ងៃស្អែក ឱ្យទទួលជោគជ័យយ៉ាងរលូន។
* នាយករដ្ឋមន្រ្តីជប៉ុន បានបន្តថា យើងបានឯកភាពគ្នា នឹងបន្តកិច្ចសហប្រតិបត្តិការលើកិច្ចការសំខាន់ៗនៅក្នុងតំបន់ និងលើសកលលោក។
* នាយករដ្ឋមន្រ្តីជប៉ុន បានថ្លែងថា ឆ្នាំ២០១៩ គឺជាឆ្នាំនៃមេគង្គ-ជប៉ុន ខ្ញុំមានគម្រោងពង្រីកទំនាក់ទំនងទ្វេភាគីយើង ដោយចាប់ដៃជាមួយសម្តេចតេជោ ហ៊ុន សែន ហើយសហការជាមួយគ្នា ដើម្បីនាំមកវឌ្ឍនភាព នៅលើទឹកដីតំបន់មេគង្គទាំងមូល។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា,
* សម្តេចតេជោ ហ៊ុន សែន សម្តែងការថ្លែងអំណរគុណចំពោះលោក អាបេ និងរីករាយមកទស្សនកិច្ចម្តងទៀត ជាមួយនឹងខួប៦៥ឆ្នាំ នៃការទូតកម្ពុជាជប៉ុន។ សម្តេចបានថ្លែងថា វាពិតជាមានសារៈសំខាន់ណាស់។
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចនិងលោក អាបេ បានពិភាក្សាគ្នាស៊ីជម្រៅ អំពីទំនាក់ទំនងអន្តរជាតិ បញ្ហាអន្តរជាតិ និងបញ្ហាក្នុងតំបន់
* សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចពេញចិត្ត នឹងអ្វីដែលអាបេ ដែលអញ្ជើញយុវជនមកពីគណបក្សនយោបាយនានា មកពីក្រសួងយុត្តិធម៌ ដើម្បីទស្សនកិច្ចនៅប្រទេសជប៉ុន។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យលោក អាបេ បន្តគាំទ្រការបោះឆ្នោតនៅកម្ពុជាបន្តទៀត ព្រោះការបោះឆ្នោតមិនបញ្ចប់នៅឆ្នាំ២០១៨នោះទេ យើងត្រូវធ្វើតាមការកំណត់ថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បន្តថ្លែងថា ការកំពុងដំណើរការចុះឈ្មោះបោះឆ្នោតរបស់កម្ពុជាពេលនេះ គឺជាការបន្តដំណើរការប្រជាធិបតេយ្យបន្តទៀត។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជប៉ុនគាំទ្របេក្ខជនកម្ពុជា ធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំអាស៊ីអឺរ៉ុប នៅឆ្នាំ២០២០
* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នឹងមានការអនុម័តឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំអាស៊ីអឺរ៉ុប នៅឆ្នាំ២០២០ នៅពេលខាងមុខនេះ៕