សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សម្ពោធស្ពានឫស្សីកែវ ឆ្លងទន្លេសាប ក្រុងភ្នំពេញ
សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រីបងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! មិននឹកស្មានថាកាលពីមកបើកការដ្ឋាននៅត្រើយម្ខាងខាងនោះពាក់ពាវក្នុង(ពណ៌)អញ្ចឹង។ ឥឡូវមកមើលអម្បាញ់មិញអាវក្នុងពណ៌ហ្នឹងដែរ។ វាជាការគាប់ជួនទេ អត់បានពិនិត្យថាកាលពីពេល(មុន)ហ្នឹងពាក់អាវអី ប៉ុន្តែសំបកក្រៅដូចជាមិនមែនខ្មៅទេ(ពណ៌)ខៀវ ប៉ុន្តែខាងក្នុងពណ៌ហ្នឹងដដែល។ មុខដដែលពាក់អាវដដែលមានស្អី។ (១) យកចំណូលពីទីក្រុងភ្នំពេញ អភិវឌ្ឍទីក្រុងភ្នំពេញ ថ្ងៃនេះខ្ញុំមានការសប្បាយរីករាយដែលបានមកចូលរួមជាមួយ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឫស្សីកែវឆ្លងកាត់ទន្លេសាប ក៏ដូចជាស្ពានអាកាសឫស្សីកែវដែលស្ថិតនៅតាមផ្លូវជាតិលេខ៥ រួមគ្នាតែម្ដង។ នេះជាសមិទ្ធផលថ្មីមួយទៀតដែលយើងបានរួមគ្នាកសាង ចាប់ផ្ដើមពីការលំបាកលំបិនរហូតទៅដល់មានការអភិវឌ្ឍបែបនេះ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានធ្វើរបាយការណ៍ស្តីពីការសាងសង់ហើយ។ យើងកំពុងតែស្ថិតនៅលើវិធីសាស្ត្រយកស្លឹកត្នោតខ្ចប់ស្ករត្នោត មានន័យថាយកចំណូលពីទីក្រុងភ្នំពេញអភិវឌ្ឍទីក្រុងភ្នំពេញ។ (២) ឆ្នាំ ១៩៨៩ ខ្មែរក្រហមបាញ់ H12 សំដៅឃ្លាំងសាំងឫស្សីកែវ តំបន់ដែលយើងកំពុងនៅទីនេះ តភ្ជាប់រហូតទៅដល់កន្លែងប្រកួតស៊ីហ្គេមនិងវិមានឈ្នះឈ្នះ គឺសុទ្ធជាតំបន់ដែលយើងបានបញ្ជូនយុវជនពីត្រើយម្ខាង រាប់ទាំងពីបណ្ដាស្ថាប័ន ដូចជាក្រសួងការបរទេសជាដើម មកកាប់ព្រៃ ដើម្បីការពារកុំឱ្យខ្មែរក្រហមចូលមកកៀកទីក្រុងភ្នំពេញ។ ត្រឹមឆ្នាំ១៩៨៩ ដប់ឆ្នាំក្រោយពេលដែលយើងរំដោះ ពេលនោះយើងក៏ធ្វើពិធីបុណ្យធំមួយ ដោយមានព្យុះហយាត្រានៃកងកម្លាំងប្រដាប់អាវុធក៏ដូចជាមហាជនផង។ ពួកខ្មែរក្រហមបានបាញ់ H12 ចូលមកតំបន់ឫស្សីកែវនេះសំដៅមកឃ្លាំងសាំង។ រដ្ឋាភិបាលជំនាន់នោះ ក៏បានតម្រូវឱ្យមានការកាប់ព្រៃនៅខាងតំបន់ត្រើយម្ខាង រហូតដល់កន្លែងនេះទៀត…