ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា បានអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នារសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានលោក ម៉ៅទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីស្រីលង្កាក្នុងដំណើរ ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក និងគណៈប្រតិភូធុរជន និងអ្នកវិនិយោគស្រីលង្កា ដែលបានអមដំណើរមកធ្វើការសិក្សាស្វែងយល់ដោយផ្ទាល់ពីការរីកចម្រើនរបស់កម្ពុជា។ * សម្តេចតេជោ បានថ្លែងថា វេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា ផ្តល់ឱកាសឱ្យសម្តេចបានចែករំលែកព័ត៌មានអំពីការវិវត្តសំខាន់ៗនៅកម្ពុជា ពាក់ព័ន្ធកាលានុវត្តភាព និងសក្តានុពលធុរកិច្ចនិងវិនិយោគ ក៏ដូចជាការដាក់ចេញនូវវិធានការថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។ * សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជា និងស្រីលង្កា បានចាប់ផ្តើមមានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីជាង ៦ទសវត្សរ៍មុនមកម្ល៉េះ ពោលគឺចាប់ពីឆ្នាំ១៩៥២ ប៉ុន្តែចំណងការទូតនេះ ត្រូវបានផ្អាកមួយរយៈដោយសារសង្គ្រាមស៊ីវិលនៅកម្ពុជា ចាប់ពីឆ្នាំ១៩៧៥។ * សម្តេចតេជោ…