ស្ពានពីរទៀតឆ្លងទន្លេមេគង្គ បើកស្ពានអាកាសតិចណូធ្វើបុណ្យអុំទូក ការឡើងប្រាក់ខែនៅឆ្នាំ ២០១៦
ព្រឹកថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៥ ក្នុងឱកាសពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារទី ២ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីដំណើរចរចារកសន្តិភាព រហូតសម្រេចបានជា កិច្ចព្រមព្រៀងប៉ារីស ហើយជម្រុញឲ្យមនុស្សមួយចំនួនយល់ឲ្យច្បាស់ពីឫសគល់នៃកិច្ចព្រមព្រៀង ដោយកុំយកតែចំណុចណាមួយមកបកស្រាយដាច់ដោយឡែក។ សម្តេចតេជោ បានរំលឹកប្រៀបធៀបថា នយោបាយឈ្នះ/ឈ្នះ ដែលមានកត្តាស្នូលបី គឺការធានាសន្តិសុខសម្រាប់បុគ្គលម្នាក់ ធានាអាជីពនិងមុខរបរ និងធានាកម្មសិទ្ធិ បានធ្វើអោយតំបន់សមាហរណកម្មមានផលិតផលក្នុងស្រុកសរុបកម្រិតខ្ពស់ ធនធានមនុស្សមានការរីកចំរើន និងមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ។