សង្កថា សម្តេចតេជោ ហ៊ុន សែន ពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគ្រីស្តបរិស័ទ
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រឹទ្ធាចារ្យ បូជាចារ្យ គ្រូគង្វាល និងថ្នាក់ដឹកនាំ គ្រីស្តបរិស័ទទាំងអស់ជាទីមេត្រី! ជំនួបគ្រីស្តបរិស័ទ និងនាយករដ្ឋមន្ត្រី មួយឆ្នាំម្តង ថ្ងៃនេះ ខ្ញុំ និងភរិយាពិតជាមានការរីករាយដែលបានធ្វើជំនួបដំបូង ក៏ប៉ុន្តែមិនមែនជាជំនួបចុងក្រោយនោះទេ។ ខ្ញុំបានធ្វើជំនួបជាបន្តបន្ទាប់ ប្រចាំឆ្នាំក្នុងវិស័យព្រះពុទ្ធសាសនា តាមរយៈបុណ្យទានផ្សេងៗ ហើយក៏មានជំនួបផ្សេងៗក្នុងពិធីស្រាយបួសរបស់សាសនិកឥស្លាម។ ឥឡូវនេះ យើងជួបគ្នាជាលើកដំបូង ប៉ុន្តែខ្ញុំសង្ឃឹមថាបើសិនមានសំណូមពរ យើងក៏អាចកំណត់ជាមួយគ្នាមួយឆ្នាំម្តង។ តើព្រម ឬមិនព្រម? អរគុណណាស់ ដូច្នោះមានន័យថា ចាប់ពីនេះតទៅរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ត្រូវសម្រុះសម្រួលកម្មវិធីជាមួយនាយករដ្ឋមន្ត្រី ក៏ដូចជាសហគមន៍គ្រីស្តបរិស័ទ ដើម្បីនឹងកំណត់ពេលវេលាជួបជុំគ្នាក្នុងមួយឆ្នាំម្តង។ គោរពច្បាប់ទាំងអស់គ្នាដោយគ្មានការលើកលែង ថ្ងៃនេះ ការជួបជុំរបស់យើងបានចាប់ផ្តើមជាមួយរបាយការណ៍របស់ឯកឧត្តមរដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា។ ខ្ញុំគួរនិយាយបន្តិចថា ថ្ងៃនេះ ខ្ញុំក៏មានរឿងរ៉ាវផ្ទាល់ដែរ គឺប៉ូលីសផាក (ដែល)បានសេចក្តីថា យើងទាំងអស់គ្នា សូម្បីនាយករដ្ឋមន្ត្រីក៏មិនអាចគេចផុតពីការដែលត្រូវគោរពច្បាប់ដែរ។ សង្ឃឹមថា គ្រីស្តសាសនិករបស់យើង នឹងផ្តល់នូវការទូន្មានបន្តចំពោះបរិស័ទរបស់ខ្លួន ដើម្បីគោរពច្បាប់ទាំងអស់គ្នា។ ប្រទេសជាតិមួយ ទោះបីកាន់សាសនាណាក៏ដោយ ត្រូវមានការគោរពច្បាប់ទាំងអស់គ្នា គ្មានការលើកលែង…