រដ្ឋមន្រ្តីការងារ៖ កម្ពុជាបានបញ្ជូនកម្មសិក្សាការីទៅជប៉ុន តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស ប្រមាណ៤ពាន់នាក់ និងបញ្ជូនបន្ថែមទៀតរហូតដល់ឆ្នាំ២០២២
FN ៖ រយៈពេល៥ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២២ខាងមុខ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន នឹងចាប់ផ្ដើមអនុវត្តកិច្ចសហប្រតិបត្តិការ លើអនុស្សរណៈថ្មីមួយ ក្នុងនោះកម្ពុជានឹងបញ្ជូនកម្មសិក្សាការីរបស់ខ្លួនទៅធ្វើកម្មសិក្សា និងបម្រើការងារនៅប្រទេសជប៉ុនបន្ថែម ខណៈបច្ចុប្បន្នកម្មសិក្សាការីខ្មែរនៅជប៉ុន មានប្រមាណ ៤,០០០នាក់។ នេះបើតាមការបញ្ជាក់របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពីរាជធានីតូក្យូ។ អនុស្សរណៈនេះ គឺមានខ្លឹមសារស្តីពី «កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលកម្មសិក្សាបច្ចេកទេស និងនីតិវិធីជ្រើសរើស បណ្តុះបណ្តាល និងនាំកម្មសិក្សាការីកម្ពុជា ទៅធ្វើការនៅប្រទេសជប៉ុន» ដែលត្រូវបានចុះហត្ថលេខារវាងលោករដ្ឋមន្រ្តី អ៊ិត សំហេង ជាមួយលោក ស៊ីអូ សាគី រដ្ឋមន្ត្រីក្រសួងការងារ សុខាភិបាល និងសុខមាលភាពសង្គម នៃប្រទេសជប៉ុន នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ។ លោករដ្ឋមន្រ្តីបានឲ្យដឹងថា ភាគីកម្ពុជា និងភាគីជប៉ុនបានឯកភាពគ្នាចុះអនុស្សរណៈយោគយល់គ្នា លើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានគោលបំណង ផ្ទេរជំនាញបច្ចេកទេស តាមរយៈកម្មវិធីបណ្តុះបណ្តាលកម្មសិក្សាការីជំនាញបច្ចេកទេស ពីប្រទេសជប៉ុនមកប្រទេសកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖ ១៖ ក្រសួងការងារប្រទេសជប៉ុន ដែលមានការសហការជាមួយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ត្រូវប្តេជ្ញាចិត្តទទួលនូវកម្មសិក្សាការីជំនាញបច្ចេកទេសពីប្រទេសកម្ពុជា…