សុន្ទរកថា, ពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីឤស៊ាន ជាផ្លូវការ ក្រោមប្រធានបទ៖ «យុវជន បច្ចេកវិទ្យា និងកំណើន ការធានាឱ្យបាននូវផលលាភបច្ចេកវិទ្យាឌីជីថល និងផលលាភប្រជាសាស្ត្ររបស់ឤស៊ាន»
ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលរដ្ឋមន្ត្រី និងគណៈប្រតិភូ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិនិងអន្តរជាតិ ប្រិយមិត្តទាំងអស់ជាទីមេត្រី ! កម្ពុជាពិតជាមានកិត្តិយសខ្ពស់បំផុត ដោយបានធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីឤស៊ាន ក្រោមប្រធានបទ « យុវជន បច្ចេកវិទ្យា និងកំណើន ការធានាឱ្យបាននូវផលលាភបច្ចេកវិទ្យាឌីជីថល និងផលលាភប្រជាសាស្រ្តរបស់ឤស៊ាន » នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រី និងគណៈប្រតិភូ ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញមកដល់ដែនដីចំណាស់មួយនេះនៃតំបន់ឤស៊ាន។ ជាការពិតណាស់ ព្រឹត្តិការណ៍នេះបានកើតឡើងស្របពេលនឹងការប្រារព្ធខួប ៥០ ឆ្នាំ នៃការបង្កើតឤស៊ាន ដែលនឹងផ្តល់ជាវេទិកាសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ទាំងអ្នកនៅក្នុងប្រទេស អ្នកមកពីក្នុងតំបន់ និងអ្នកមកពីក្រៅតំបន់ ដើម្បីពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ អំពីនិន្នាការដែលកំពុងកើតឡើងជុំវិញប្រធានបទធំៗបីសំខាន់ គឺការប្រែប្រួលថ្មីនៃបរិការណ៍សកលលោក ការតភ្ជាប់សេដ្ឋកិច្ចឤស៊ាន និងផលលាភយុវជននៃតំបន់ឤស៊ាន។ ប្រធានបទទាំងនេះ គឺជាកត្តាកំណត់ដំណើរការអភិវឌ្ឍរបស់ឤស៊ានក្នុងពេលអនាគត។ ខ្ញុំមានសេចក្តីរីករាយ ដោយបានសង្កេតឃើញថា វេទិកាពេលនេះទទួលបានការចូលរួមពីសំណាក់អ្នករៀបចំគោលនយោបាយ នាយកប្រតិបត្តិក្រុមហ៊ុនធំៗ ធុរជន និងយុវជនគ្រប់ស្រទាប់យ៉ាងកុះករ…