សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សញ្ញាបត្រទាំង៣សាលារបស់ថៃដែលធ្លាប់ប្រគល់ឲ្យ ខ្ញុំបានបោះវាចោលអស់យូរហើយ

ខ្ញុំបានបោះវាចោលអស់យូរហើយ វាគ្មានតម្លៃអ្វីដែលខ្ញុំត្រូវរក្សាទុក ! ថ្ងៃនេះឃើញថាសាលាមួយទៀតរបស់ថៃប្រកាសដកហូតសញ្ញាបត្រពីខ្ញុំ សូមបញ្ជាក់ទៅវិញថា សញ្ញាបត្រទាំង៣សាលារបស់ថៃដែលធ្លាប់ប្រគល់ឲ្យខ្ញុំ ខ្ញុំបានបោះវាចោលអស់យូរហើយ វាគ្មានតម្លៃសោះឡើយសម្រាប់ខ្ញុំរក្សាទុក ! សាលាទីមួយ ទទួលនៅឆ្នាំ២០០១​ សាលាទី២ទទួលនៅឆ្នាំ២០០៦ និងសាលាទី៣ ទទួលនៅឆ្នាំ២០១៩ ខ្ញុំមិនមានមោទនភាពណាមួយចំពោះក្រដាសមួយសន្លឹករបស់អ្នកនោះឡើយ។ ខួរក្បាល និងចំណេះដឹងរបស់ខ្ញុំមិនមែនកើតចេញសញ្ញាបត្រមួយសន្លឹករបស់អ្នក ឬសាលារៀនថៃនោះទេ ប្រជាជនកម្ពុជា និងសាលារៀនរបស់កម្ពុជា គឺជាអ្នកបង្រៀនខ្ញុំ។ ខ្ញុំគួរតែប្រាប់ពួកអ្នកវិញថា បើពិនិត្យពីពេលវេលាដែលពួកអ្នកសុំប្រគល់សញ្ញាបត្រឲ្យខ្ញុំ (ខ្ញុំអត់បានស្នើសុំពីពួកអ្នកទេ) និងពេលវេលាដែលខ្ញុំកាន់តំណែងក្នុងកិច្ចការជាតិ សញ្ញាបត្ររបស់អ្នកគ្មានជួយអ្វីដល់ខ្ញុំទេ ព្រោះសញ្ញាបត្របានផ្តល់ឲ្យខ្ញុំក្រោយ ជោគជ័យរបស់ខ្ញុំដែលមានកំណត់ត្រាដូចខាងក្រោម៖ ឆ្នាំ១៩៧៩ អាយុ២៧ឆ្នាំ ជារដ្ឋមន្រីក្រសួងការបរទេស។ ឆ្នាំ១៩៨១ អាយុ២៩ឆ្នាំ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងឆ្នាំ១៩៨៥ អាយុ៣២ឆ្នាំ ជានាយករដ្ឋមន្ត្រី។ ខ្ញុំគិតថាពួកអ្នកនឹងមានការអៀនខ្មាស់ ប្រសិនបើពួកអ្នកពិនិត្យឡើងវិញនូវការវាយតម្លៃរបស់ពួកអ្នកលើគុណសម្បត្តិរបស់ខ្ញុំ នៅពេលអ្នកសុំខ្ញុំឲ្យទទួលសញ្ញាបត្ររបស់អ្នក។ ខ្ញុំនឹងឲ្យខុទ្ទកាល័យរបស់ខ្ញុំផ្សព្វផ្សាយអំពីការវាយតម្លៃរបស់ពួកអ្នកមកលើគុណសម្បត្តិរបស់ខ្ញុំ ក្នុងគោលបំណងកុំឲ្យពួកអ្នកភ្លេច។ ពួកអ្នកមិនអាចកែប្រែអតីតកាលបានទេ ហើយខ្ញុំក៏ចង់ប្រាប់ពួកអ្នកថា ពួកអ្នកទេដែលមកស្នើខ្ញុំឲ្យទទួលសញ្ញាបត្រនោះ អមដោយការវាយតម្លៃមកជាមួយផង។ ឯការសម្រេចទទួល ឬមិនទទួលស្ថិតនៅលើ ហ៊ុន សែន ព្រោះខ្ញុំក៏មិនចេះតែទទួលយកនោះដែរ៕

សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជប់លៀងអបអរសាទរខួបលើកទី ៨០ ទិវាឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ឯកឧត្តម ង្វៀន មិញវ៉ូ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា​ សម្តេច ឯកឧត្តម​ លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភានិងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវនិងតំណាងអង្គទូត នៃប្រទេសជាមិត្តប្រចាំកម្ពុជា លោក លោកស្រី ភ្ញៀវជាតិនិងអន្តរជាតិ ជាទីមេត្រី! ជាដំបូង ក្នុងនាមអង្គការនីតិបញ្ញត្តិ នីតិប្រតិបត្តិនិងប្រជាជនកម្ពុជានិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីរីករាយជាអនេក​ដែលបានមកចូលរួម ពិធីជប់លៀងអបអរសាទរខួបអនុស្សារវីយ៍លើកទី ៨០ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម  (២ កញ្ញា ១៩៤៥ – ២ កញ្ញា ២០២៥)។​   ក្នុងឱកាស​ដ៏វិសេសវិសាលនេះ ខ្ញុំសូមសំដែងអំណរសាទរនិងសូមជូនពរបវរមហាប្រសើរ ជូនថ្នាក់ដឹកនាំរដ្ឋ បក្សនិងប្រជាជនវៀតណាមជាបងប្អូន សូមទទួលបានសុខភាពល្អ សុភមង្គល  វិបុលភាពនិងជោគជ័យធំធេងថែមទៀតក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ខណៈដែលទិវាឯករាជ្យថ្ងៃទី២ ខែកញ្ញា ជិតមកដល់ ប្រជាជនវៀតណាមមានអារម្មណ៍រីករាយនៃការរំឭកព្រឹត្តិការណ៍ដ៏សំខាន់នេះ រួមជាមួយនឹងការចងចាំអំពីវីរភាពក្លាហានរបស់យុទ្ធជន ដែលបាន តស៊ូប្រយុទ្ធដើម្បីបុព្វហេតុយុត្តិធម៌។ ទឹកចិត្តស្នេហាជាតិនិងពលីកម្មរបស់ពួកគេ ដើម្បីឆ្ពោះទៅទទួលបានសិទ្ធិស្វ័យសម្រេច  តែងតែត្រូវបានចងចាំនិងដឹងគុណជានិច្ច។ ទិវាឯករាជ្យ គឺជាថ្ងៃចាប់ផ្តើមនៃយុគសម័យថ្មី ដែលកំណត់ដោយភាពធន់, ការរួបរួមនិងក្តីសង្ឃឹម។ ថ្ងៃឯករាជ្យជាតិរបស់វៀតណាម កាលពី៨០ឆ្នាំមុន…

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បកស្រាយការចុះផ្សាយរបស់ការសែត

តាមកាសែតថៃចុះផ្សាយមុននេះបន្តិចថា លោកនាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយថា លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ។ ប្រសិនបើការចុះផ្សាយរបស់កាសែតជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទី ជិតផុតអាណត្តិបង្ហាញឲ្យឃើញថាគាត់ គឺជាមនុស្សព្រៃ មិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។ ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។ ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន។ តើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អឬបំផ្លាញដើម្បីបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រមព្រៀងឈប់បាញ់?