សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលកិច្ចសន្ទនា នៃកិច្ចសហប្រតិបត្តិការអាស៊ី លើកទី ២ «អាស៊ីតែមួយ ថាមពលចម្រុះ»
– ឯកឧត្តម ប្រាយុទ្ធ ចាន់ អូឆា (Prayuth Chan-Ocha), នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ – ព្រះចៅស៊ុលតង់, ឯកឧត្តម និងលោកជំទាវ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសចូលរួម – ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ជាបឋម, ខ្ញុំសូមអនុញ្ញាតចាប់ផ្តើម ដោយថ្លែងអំណរគុណចំពោះឯកឧត្តម ប្រាយុទ្ធ ចាន់ អូឆា (Prayuth Chan-Ocha) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ដែលបានអញ្ជើញរូបខ្ញុំមកចូលរួមក្នុង កិច្ចប្រជុំកំពូលកិច្ចសន្ទនា នៃកិច្ចសហប្រតិបត្តិការឤស៊ី លើកទី ២ ដ៏មានសារៈសំខាន់នេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃយ៉ាងខ្ពស់ផងដែរ ចំពោះប្រជាជន និងរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូរបស់ខ្ញុំ។ កម្ពុជាយល់ឃើញថា កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ផ្លាស់ប្តូរទស្សនៈ និង បទពិសោធន៍នានា ស្តីពីគោលនយោបាយនៃកិច្ចសហប្រតិបត្តិការទូទាំងតំបន់ឤស៊ី ។ ការពង្រីកសមាជិកភាពរបស់កិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការឤស៊ី ពី ១៨ ប្រទេស ក្នុងឆ្នាំ ២០០២ ដល់ ៣៤ ប្រទេស ក្នុងឆ្នាំនេះសបញ្ជាក់ឱ្យឃើញ នូវភាពជឿជាក់ និងភាពចូលរួមពាក់ព័ន្ធរបស់បណ្តាប្រទេសនានាលើពិភពលោកទៅលើកិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការឤស៊ី។…