ការដកស្រង់សេចក្តីអធិប្បាយ ពិធីចែកសញ្ញាបត្រ សាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប
វឌ្ឍនភាពសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចែកសញ្ញាបត្រសាជាថ្មីម្ដងទៀត សម្រាប់និស្សិតនៃសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន ២.១៣២ នាក់។ គិតពីចំនួនដែល ខ្ញុំព្រះករុណាខ្ញុំ មកសម្រាប់តែសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប គឺមានចំនួនរហូតទៅដល់ ១១ ដង ទាំងថ្ងៃនេះ ចាប់ផ្ដើមពីឆ្នាំ ២០០៣ ដែលពេលនោះ គឺស្ថិតនៅក្នុងក្របខណ្ឌនៃអង្គការអាស៊ី-អឺរ៉ុបនៅឡើយទេ។ ពីស្ថាប័នអប់រំមួយ ដែលផ្ដើមចេញពីអង្គការក្រៅរដ្ឋាភិបាល ហើយពង្រីកខ្លួនមកដល់ថ្នាក់ជាសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នេះពិតជាមិនធម្មតាទេ ទាក់ទងជាមួយនឹងការខិតខំរបស់ថ្នាក់នាំនៃអង្គការមួយនេះ ហើយក្រោយមក គឺសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប របស់យើងនេះ ដែលខ្ញុំព្រះករុណខ្ញុំ សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះវឌ្ឍនភាពទាំងឡាយ ដែលសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប បានបង្កើតឡើងនូវជោគជ័យរបស់ខ្លួន។ កសាងមូលដ្ឋានសម្ភារៈបច្ចេកទេស និងធនធានមនុស្ស ធ្វើម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ ២០២៣ អម្បាញ់ម៉ិញ មុនពេលដែលចូលមកដល់ទីនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏បានសួរ ឯកឧត្តម ឌួង លាង ថាយ៉ាងម៉េចទៅក្រុមបាល់ទាត់របស់អាស៊ី-អឺរ៉ុបនោះ? ព្រោះមានចេញមុខប្រកួត ហើយនៅក្នុងរបាយការណ៍ អម្បាញ់មិញឃើញថា ក៏បានប្រឹងប្រែងធ្វើនៅលើផ្ទៃដីចំនួនទៅដល់ ៤ ហិកតា អំពីបាល់ទាត់ខ្នាតធំ/តូច និងកីឡាប្រភេទដទៃទៀត។…